ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​កំពង់ចាម រៀបចំ​សាងសង់​វិមានឯករាជ្យ ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​ប្រវត្តិសាស្ត្រ

(ខេត្ដកំពង់ចាម)៖ ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានរៀបចំ​សាងសង់​វិមានឯករាជ្យ ស្ថិតនៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដើម្បី​ទុកជា​សម្បត្ដិ​វប្បធម៌​ទេសចរណ៍​ប្រវត្តិសាស្ត្រ ។​

ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​វិមានឯករាជ្យ​ ​​នា​ព្រឹក​ថ្ងៃទី ១៦ ខែវិច្ឆិកា​ ​ឆ្នាំ២០២១​នេះ ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ថា ការរៀបចំ​សាងសង់​វិមានឯករាជ្យ​នេះ អាជ្ញាធរខេត្ត​មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​​ ​ប្រវត្តិសាស្ត្រ និងលេីក​កម្ពស់​សោភ័ណ្ឌភាពទីក្រុង​ សំដៅ​ទៅលើ ខួបកំណើត​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ដែលជា​ស្នាម​ព្រហស្ថ របស់ ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។​

បើតាម លោក​ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​ បាន​បញ្ជាក់ថា ទីតាំង​ដែល​ឯកឧត្តម​​អភិបាលខេត្ត សម្រេច​សាងសង់​វិមានឯករាជ្យនេះ គឺ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​មាត់ច្រក​ចូលទៅ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម ដោយ​ចំណុច​នេះ ឯកឧត្តម​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ​ឲ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូតមកដល់​ចំណុច​ទន្លេ​អុំ ដើម្បី​បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ មក​កម្សាន្ត​ផងដែរ ។
លោក ចាន់ ផល្លី បានបញ្ជាក់​ទៀតថា វិមានឯករាជ្យ​នេះ ឯកឧត្តម​​អភិបាលខេត្ត តម្រូវ​ឲ្យ​ជាង​សាងសង់​រួចរាល់ មុន​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ ២០២២ ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *