ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

ឯកឧត្តម​ «អ៊ុន​ ចាន់ដា»​ បានណែនាំដល់ប្រធានមន្ទីរសាធារណការ​និងដឹកជញ្ជូនខេត្ត«កំពង់ចាម»ថ្មី​ កុំធ្វេីជាតួឯក​ គឺត្រូវបង្រៀនមន្ត្រីឲ្យចេះធ្វេីការរួមគ្នា..!! 

(ខេត្ដកំពង់ចាម)៖ ក្នុង​ពិធីប្រកាសតំណែង​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​ នារសៀលថ្ងៃទី​២៨​ ខែតុលា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ កុំ​ធ្វើ​ជា​តួឯក​ គឺ​ត្រូវ​បង្រៀន​មន្ត្រី​ក្រោម​ឱវាទ​​ឲ្យ​ចេះ​ធ្វើ​ការ​រួមគ្នា​​ ដែលចាំបាច់បំផុតនោះ​ គឺ​ត្រូវ​កសាង​ផែនការ​ ដេីម្បី​រក​ធនធាន​ថវិកា​ មកធ្វេីការ​អភិវឌ្ឍន៍​ ហេដ្ឋារចនាសម្ពន្ធ័​ វិស័យ​ផ្លូវ​ថ្នល់​ និង​ស្លាក​សញ្ញា​ចរាចរណ៍ជាដេីម​ ក្រៅពីនោះ​គឺត្រូវ​រៀនសូត្រ​ តាម​រយៈ​ការ​ដក​បទពិសោធន៍​ ពី​មន្ទីរ​ផ្សេងៗ​ ដែល​មាន​ការ​រីកចម្រើន​ ហេីយ​យកមក​អនុវត្ត​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការ​រីកចម្រើន​ ក្នុងនោះត្រូវ​ខិតខំ​កសាង​ស្នាដៃ​ជា​គំរូ​​ បន្សល់​ទុក​ទៅ​ជំនាន់​ក្រោយៗផង​​ លេីសពីនោះគឺត្រូវ​ខិតខំ​បន្ត​ទៀត​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ប្រកប​ដោយ​គុណភាព​ និង​ការ​ជឿ​ទុកចិត្ត​ ដូច​ជា​ការ​ផ្តល់​ប័ណ្ណ​បើកបរ​ និង​ស្លាកលេខ​យានយន្ត​គ្រប់​ប្រភេទ​ជាដេីម​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បានថ្លែង​អំណរគុណ​ដល់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ដែល​ កន្លងមក​លោក​បាន​ផ្ដល់​ការ​កសាង​ផ្លូវ​សំខាន់ៗ​ជាច្រើន​ខ្សែ​ ក្នុង​ខេត្តកំពង់ចាម​ផងដែរ​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ស៊ុយ​ សាន​ រដ្ឋលេខាធិការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​ណែនាំ​ដល់​លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត​កំពង់ចាម​ថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ​ ពិសេសអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ សំដៅបន្តការផ្ដល់សេវាសាធារណៈ សេវាតម្រូវការគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឲ្យ​បានឆាប់រហ័ស និងមានតម្លាភាព ធានាទប់ស្កាត់ឲ្យបាននូវយានយន្តផ្ទុកលើសទម្ងន់គ្រប់ប្រភេទ ដែលធ្វើចរាចរនៅលើដងផ្លូវ​ឲ្យ​មានប្រសិទ្ធភាព​ផងដែរ​ ។

គួរ​បញ្ជាក់​ផងដែរថា​ លោក​ សុខ​ លឹមហៀង​ ត្រូវ​បាន​ប្រកាស​តែងតាំង​ចូលកានមុខតំណែងជាប្រធានមន្ទីរសាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម​ ជំនួស​លោក​ សុខ​ ស្រ៊ុន​ ដែល​ត្រូវ​ផ្ទេរ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *