(ខេត្តបន្ទាយមានជ័យ)៖កម្លាំងយោធាការពារក្នុងតំបន់ព្រំដែន ខ្មែរ ថៃ បានឃាត់ខ្លួនជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់មកពីក្រុងប៉ោយប៉ែតទៅស្រុកម៉ាឡៃ។
ការឃាត់ខ្លួនជនជាតិចិននេះបាននៅ វេលាម៉ោង៩ យប់ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាមេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងទាំងអស់ដែលល្បាតនៅតាមបន្ទាត់ព្រំដែនឲ្យជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការឲ្យបានល្អ ជាមួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាលុះនៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ ហួត ប៊ុនធឿន មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរល្បាតក៏ជួបប្រទះឃើញ ជនជាតិចិន ចំនួន ៤នាក់ និងអ្នកនាំផ្លូវម្នាក់ និងម៉ូតូ ចំនួន ១គ្រឿង បំរុងឆ្លងដែនចេញទៅប្រទេសថៃចូលមកស្រុកខ្មែរ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួន ។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បានបញ្ជូនឲ្យមកបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ កំលាំងបានធ្វើការ ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់នោះពេលសមត្ថកិច្ចខ្មែរសួរនាំបានប្រាប់ថាពួកគេមកពីប្រទេសថៃដោយមានអ្នកផ្លូវ១នាក់ នាំដើរកាត់តាមច្រករបៀងចូលមកប្រទេសខ្មែរដើម្បីមកធ្វើការងារធ្វើនៅក្រុងប៉ោយប៉ែត។
បន្ទាប់ពីរសួរនាំរួចសមត្ថកិច្ចខ្មែរបាននាំជនជាតិចិនទាំង៤នាក់និងអ្នកនាំផ្លូវ១នាក់ទៅធ្វើកំណត់ហេតុឃាត់ខ្លួន និងអនុវត្តតាមវិធានរបស់សុខាភិបាល និងបញ្ជូនទៅចត្តាឡីស័កនៅមណ្ឌលស្រុកថ្មពួក ១៤ថ្ងៃ ទើបយកទៅប្រគល់ឲ្យ ស្នាក់ការកងរាជអាវុធហត្ថខេត្តអនុវត្តតាមនិតិវិធីច្បាប់របស់ស្រុកខ្មែរ៕