ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ផ្តល់ថវិកា​ និងសម្ភារ​ ជូនកងកម្លាំងនគរបាល​ យោធា​ និង​អាវុធហត្ថខេត្ត​ ដេីម្បីទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​-១៩

(ខេត្ដកំពង់ចាម)៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ផ្តល់​អំណោយ​ជា​ថវិកា​ និង​សម្ភារ​ ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ យោធា​ខេត្ត​ និង​កងរាជអាវុធហត្ថ​​​ខេត្ត​ ដើម្បី​ទ្រទ្រង់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំង​៣ប្រភេទ​ ដែល​កន្លងមក​តែងតែ​ខិតខំ​ថែរក្សា​​ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ថែទាំ​សុខភាព​របស់​ខ្លួន​ និង​ក្រុមគ្រួសារ​ ជាពិសេស​ត្រូវ​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន​ សែន​ នូវ​វិធានការ​ ៣ការពារ​ ៣កុំ​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ទាំង​ពេល​បំពេញ​ការងារ​ និង​ពេល​សម្រាក​លំហែ​ ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ អំណោយដែល​ឯកឧត្តមអភិបាលខេត្ត​ ផ្តល់​ជូន​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំង៣​ ក្នុង​ខេត្តកំពង់ចាម​ រួមមាន​ ស្នងការដ្ឋាននគរបាលខេត្ត​ ទទួល​បាន​ថវិកា​ចំនួន​​ ១០លានរៀល​​ ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ១៥០លីត្រ​ យោធា​ខេត្ត​ ទទួល​បាន​ថវិកា​ ១០លានរៀល​ ​ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​១៥០លីត្រ​ និង​កងរាជអាវុធហត្ថ​ខេត្ត​ ទទួល​បាន​ថវិកា​ ចំនួន​១០លានរៀល​ ​ម៉ាស​ ១ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ចំនួន​​១៥០លីត្រ​ ផងដែរ​​ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *