(ភ្នំពេញ)៖ តាមប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ
មានល្បែងស៊ីសង ប្រភេទឡូតូ តូចធំ យីហោ “មហាលាភឡូតូ” បានបង្កប់ តាមហាងកាហ្វេ ស្ថិតនៅអមសងខាងផ្លូវជាតិលេខ៥ ដែលមានមនុស្សជាច្រើនប្រមូលផ្ដុំគ្នាលេង ដោយមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៌ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយដាក់ចេញនូវវិធានការ ៖ ៣កុំ ៣ការពារ នោះឡើយ។
តាមប្រជាពលរដ្ឋបានបន្តឲ្យដឹងថានៅក្នុងអាជ្ញាប័ណ្ណឆ្នោតនោះ គឹ អាជីវកម្មឆ្នោត ឡូតូ ៥ខ្ទង់ (5D) ៦ខ្ទង់ (6D) ៧ខ្ទង់ (7D) និងរង្វាន់លួងចិត្ត ៤ខ្ទង់ ៣ខ្ទង់ និង ២ខ្ទង់ Lottery និងឆ្នោតកោស។ មិនបានបញ្ជាក់ថា ឡូតូ តូចធំ នោះទេ។
ក្រៅពីទីតាំងឆ្នោតឡូតូជ្រកក្រោមស្លាកមានច្បាប់ គេសង្កេតឃើញមានទីតាំងល្បែងស៊ីសង internet online keno (តូចធំ) មានច្រើនទីតាំងស្ថិតនៅតាមណ្ដោយផ្លូវជាតិលេខ៥ ទីតាំងខ្លះមានយីហោ និងទីតាំងខ្លះទៀតគ្មានយីហោ រួមមានហាងកាហ្វេ យីហោ ៩៩៩ គីឡូ ម៉ែត្រលេខ៧ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ហាងកាហ្វេគ្មានយីហោខាងជើងអធិការខណ្ឌឫស្សីកែវ និងម្ដុំយឿត្រី មានចំនួន៣ទីតាំងយីហោ លីហូវ កាហ្វេដូងក្រអូបផ្ទះលេខ៦៨B គីឡូម៉ែត្រលេខ៩ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ និងម្ដុំផ្លូវលូទឹកស្អុយក្រោយវត្តទួលសង្កែ ផ្ទះយីហោ”ហ្វីហ្វា”សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើនេះ អង្គភាពគេហទំព័រ”ជីវិតកូនខ្មែរ”បានសម្ភាសន៍លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ? នៅពេលស្តាប់សំនួររួច លោកអធិការក៌ចុចបិទទូរស័ព្ទ ដោយគ្មានឆ្លើយតបមួយម៉ាត់សោះ។
ដោយឡែកលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ៖ ជាគោលការណ៍កងកម្លាំងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៌ដូចសេចក្តីណែនាំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ និងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
បើសិនទីតាំងបើកលេងល្បែងស៊ីសងនោះមានច្បាប់ ហើយរក្សាគម្លាតមិនអីទេ។
បើទីតាំងបើកលេងល្បែងស៊ីសងនោះមានច្បាប់ ហើយមិនអនុវត្តន៍តាមសេចក្តីណែនាំ មិនរក្សាគម្លាត ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំធ្វើការបង្ក្រាប។
សូមបញ្ជាក់ថាកន្លងមករហូតទល់ពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ កំពុង បន្តយកចិត្តទុកដាក់ពីបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ និងបានដាក់បទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានត្រូវតែបង្ក្រាបឲ្យខាងតែបាន។ គ្រប់មូលដ្ឋានទាំង១៤ខណ្ឌ និងយកចិត្តទុកដាក់ បំផុស ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តតាមវិធានការរបស់ ក្រសួង សុខាភិបាលផងដែរ។
ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ជួយមានវិធានការចំពោះទីតាំងល្បែងស៊ីសងនៅទឹកដីខណ្ឌឫស្សីកែវនេះផង៕