(ភ្នំពេញ)៖ បុរសជនបរទេសម្នាក់ដកកាំភ្លើងខ្លីបាញ់គំរាមមេឃ១គ្រាប់ រួចហើយក៍បានសៀតចូលទុកនៅក្នុងចង្កេះរបស់ខ្លួនវិញ ពេលកម្លាំងកងរាជអាវុធហត្ថចុះទៅឃាត់ រូបគេក៏បានលក់ដៃចូលទៅក្នុងហោប៉ៅខោប៉ះចំកៃបណ្ដាលឲ្យផ្ទុះចំនួន១គ្រាប់ទៀតត្រូវទៅលើកុំភួនជើងខ្លួនឯងខាងស្ដាំរងរបួសធ្ងន់។
ករណីគួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៥៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៦ ខែកញ្ញា ឆ្មាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ១៥៤ ត្រង់ចំណុចទល់មុខនឹងផ្សារសូរិយ៉ាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី០៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនបង្កម្នាក់នេះមាន ឈ្មោះ ផែ រី-(peIIy) ភេទប្រុស អាយុ ៤៦ឆ្នាំ ខាងផ្នែកធនធានមនុស្ស បច្ចុប្បន្ន រូបគេស្នាក់នៅម្ដុំផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ដែលក្រុមការងារយើងទទួលបានពីប្រជាពលរដ្ឋប្រាប់ឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងរូបគាត់បានឃើញបុរសជនបរទេសម្នាក់ដើរស្ពាយកាបូបមួយដាក់ពីក្រោយខ្នងហើយដៃរបស់គេមានកាន់កាំភ្លើងខ្លីមិនចាំម៉ាក១ដើមទៀតផង មួយសន្ទុះក្រោយមកក៏ស្រាប់តែមានស្នូរផ្ទុះអាវុធចំនួន១គ្រាប់ បុរសខាងលើក៍បានយកកាំភ្លើងខ្លីសៀតទុកចូលទៅក្នុងចង្កេះរបស់គេវិញ ទើបប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍ ក្រោយពីបានទទួលដំណឹងនេះភ្លាមទើបកម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានចូលទៅឃាត់ មិនដឹងថាជាយ៉ាងម៉េចជនបង្កម្នាក់នោះក៏បានយកដៃលូកចូលទៅក្នុងហោប៉ៅខោខ្លួនឯងបណ្ដាលឲ្យចំកៃទើបរៀលផ្ទុះ១គ្រាប់ទៀតចំត្រូវជើងខ្លួនឯងខាងស្ដាំរងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយមកជនបរទេសម្នាក់នោះបានបន្តថារូបគេបានបាត់ទូរសព្វអស់ចំនួន២គ្រឿងនឹងកាបូបលុយចំនួន១នឹងកាបូបស្ពាយ១បន្ថែមទៀតរួមជាមួយនឹងលុយប្រហែលជា១៥០ដុល្លារ(150$) ត្រូវបានគេលួចយកទៅអស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឈប់ទៅដល់ឃើញជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកទើបទាក់ទងទៅរថយន្តសមុយមកដឹកយកទៅសង្គ្រោះនិងព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកអាវុធខ្លី១ដើមដែលកម្លាំងកងរាជអាវុធដកហូតបាននោះយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំជនរងគ្រោះជាសះស្បើយនិងធ្វើការស្រាវជ្រាវបន្តទៅតាមនិតិវិធី៕
សម្រួលអត្ថបទ សុវណ្ណរាជ រតនា