(ខេត្ដកណ្ដាល)៖ ពលរដ្ឋទូទៅជាពិសេសអ្នកធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៨អា បាននិងកំពុងរអ៊ូរទាំជាខ្លាំងចំពោះការកកស្ទះចរាចរណ៍ញឹកញាប់ ដោយសារផ្លូវជាតិលេខ៨អា បានរងការខូចខាតធ្ងន់ធ្ងរ ជង្ហក់ដក់ទឹករូងខូងជ្រៅៗ ចំនួន២កន្លែង នៅស្រុកខ្សាច់កណ្ដាល។
ចំណុចដែលខូចខាតធ្ងន់ធ្ងរបង្កការកកស្ទះចរាចរណ៍នោះ៖
ទី១-ត្រង់ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។
ទី២-ត្រង់ចំណុចខាងកើតរង្វង់មូលព្រែកតាមាក់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សូមជម្រាបថា៖ ផ្លូវជាតិលេខ៨ លាតសន្ធឹងឆ្លងកាត់ចំនួន០៣ខេត្តពីគល់ស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រហូតដល់ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រួមមានខេត្តកណ្ដាល ព្រៃវែង និងត្បូងឃ្មុំ! ។
ប៉ុន្តែជាក់ស្ដែង៖ ផ្លូវ១ខ្សែរនេះ បានរងការខូចខាតរូងខូងជ្រៅៗចំនួន២កន្លែងត្រង់ចំណុចខាងលើ ។
ស្របពេលដែលផ្លូវជាតិលេខ៨អា កំពុងជួសជុលចិញ្ចើមផ្លូវទាំងសងខាង ដោយឡែកទីតាំងដែលខូចខាតនេះ គឺខូចទាំងចិញ្ចើមផ្លូវផង.និងកណ្ដាលផ្លូវផង។
ជាការឆ្លើយតបលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានប្រាប់សារព័ត៌មានយើងនៅព្រឹកទី២៤ខែកញ្ញាឆ្នាំ២០២១នេះយ៉ាងខ្លីថា៖ លោកមិនដឹងទេសូមសួរទៅក្រសួងទើបដឹង។
ចំណែកលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងថា៖ ករណីផ្លូវខូចទាំងនេះ រដ្ឋបាលស្រុកបានដាក់ពាក្យស្នើទៅក្រសួងរួចហើយ ដើម្បីសុំជួលជុលចំពោះចំណាត់ការជួសជុលថ្ងៃណាពេលណានោះគឺនៅលើក្រសួងជាអ្នកសម្រេច។
រីឯលោក ប៉ាល់ ចន្ធតារា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនមិនអាចសុំការបកស្រាយបានទេ ព្រោះទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ទោះជាយ៉ាងណាក៍ដោយ៖ ពលរដ្ឋទូទៅជាពិសេសអ្នកធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៨អា សូមស្នើយ៉ាងទទូចដល់អាជ្ញាធរ និងក្រសួងជំនាញ សូមមេត្តាជួយជួសជុលផ្លូវជាតិលេខ៨ ឱ្យទាន់សភាពការផងចុះ ។
ខណៈបច្ចុប្បន្ន ជារដូវវស្សាភ្លៀងធ្លាក់ញឹកញាប់ ដក់ទឹកផុកជ្រាំ បណ្ដាលរូងខូងខូចខាតផ្លូវធ្ងន់ធ្ងរ បង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ៕