ព័ត៌មានជាតិ

អគ្គិភ័យឆេះរោងចក្រមួយ នៅតំបន់សេដ្ឋកិច្ចពិសេស 7NG បណ្ដាលឲ្យកម្មករម្នាក់រងរបួស

ខេត្ដកណ្ដាល៖ រោងចក្រខ្សែភ្លើងឃ្យុងស៉ីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្ថិតនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានអគ្គិភ័យឆាបឆេះ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ ស្រុកខ្សាច់កណ្ដាល បានប្រើរថយន្តពន្លត់អគ្គិភ័យស្រុកខ្សាច់កណ្ដាល០១គ្រឿង និងឡានទឹក (7NG) ចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន២៥គីប ទើបរលត់ទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីនៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយ តែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ។ ប៉ុន្ដែក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យកម្មករម្នាក់រងរបួសស្រាល ឈ្មោះ ភឹម រដ្ឋា អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។
ដោយឡែក ទំហំនៃការខូចខាតវិញ រួមមាន ម៉ាស៊ីនភ្លើងធំ ចំនួន០១គ្រឿង, ម៉ាស៊ីនស្កេនក្រយ៉ៅដៃ ១៥គ្រឿង, តុបាយ, កៅអី និងកង្ហាមួយចំនួនផងដែរ។ បើតាមសេចក្ដីរាយការណ៍ រោងចក្រនេះមានម្ចាស់ឈ្មោះ ចាង សាងហូ អាយុ៤៦ឆ្នាំ ជាជនជាតិកូរ៉េខាងត្បូង ហើយក្នុងរោងចក្រនេះ មានកម្មករដែលកំពុងធ្វើការ ចំនួន១,៦៧៥នាក់ ស្រី១,៣១៨នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *