ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៤ បានពិនិត្យនិងយល់ព្រម ដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ.!

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការីចូលរួមក្នុងសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន  ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។

ជាលទ្ធផល បន្ទាប់ពីការពិភាក្សា ពិនិត្យ និងផ្តល់យោបល់រួចមក សេចក្តីព្រាងច្បាប់នេះត្រូវបានសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ បានយល់ព្រម ដោយឥតកែប្រែ។

សេចក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការរក្សាឲ្យបាននូវភាពប្រកួតប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងបរិបទនៃការវិវត្តផ្នែកសង្គម-សេដ្ឋកិច្ចក្នុងតំបន់និងសកលលោក។

ការអនុវត្តច្បាប់ស្តីពីការងារក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ពិតជាបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់នូវជំនឿទុកចិត្តដល់សាធារណៈជន និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា ក្នុងការគោរពសិទ្ធិការងារ និងបានធ្វើឲ្យរំហូរនៃការវិនិយោគវិស័យឯកជនមានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបាននាំមកនូវការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *