អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទើបតែបានចុះហត្ថលេខាក្តៅៗទៅលើបទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនបៃដេនស៍(ByteDance)នៅលើទឹកដីមហាអំណាចមួយនេះ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBCនាព្រឹកថ្ងៃសុក្រទី៧ខែសីហា ឆ្នាំ២០២០។
សហរដ្ឋអាមេរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីការពារសន្តិសុខជាតិ និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។
ជុំវិញបញ្ហានេះក្រុមហ៊ុនTikTokបានច្រោនចោលការចោទប្រកាន់នឹងបញ្ជាក់សាជាថ្មីថាខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ។កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលលោកត្រាំក៏បានចាត់វិធានការស្រដៀងគ្នានេះដែរដើម្បីហាមឃាត់កម្មវិធីWeChatដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។
លោកដូណាល់ត្រាំបានបញ្ជាក់ថាការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័តដែលអភិវឌ្ឍនិងកាន់កាប់ដោយក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដល់សន្តិសុខជាតិគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។លោកត្រាំបានបន្ថែមទៀតថានៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារ ដែលមានលក្ខណៈនយោបាយដូចជាការតវ៉ានៅទីក្រុង ហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ (Uighurs)។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះក្រសួងសន្តិសុខជាតិអាមេរិករដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA)នៅតាមអាកាសយានដ្ឋានអាមេរិកនិងយោធាអាមេរិកបានហាមឃាត់TikTokនៅក្នុងទូរស័ព្ទរបស់រដ្ឋាភិបាលរួចមកហើយ។ ភ្លាមៗប្រទេសចិនមិនទាន់បញ្ចេញ ប្រតិកម្មណាមួយចំពោះទង្វើរបស់លោក ដូណាល់ ត្រាំ ខាងលើនេះនៅឡើយទេ៕