(ខេត្ដកណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការបំភ្លឺឆ្លើយតបចំពោះបណ្តាញសារព័ត៌មាន ម្ចាស់ទន្លេមេគង្គ ដែលបានចុះផ្សាយមានខ្លឹមសារថា៖ មេឆ្នោតកត់កន្ទុយលេខវៀតណាមឈ្មោះ ប្រុស និង ឈ្មោះ ថេង នៅឃុំកំពង់ចំលង កំពុងរីកដូចផ្សិត ក្រោយមានកិច្ចសន្យានៅដំណើរការបានយ៉ាងរលូនសមត្ថកិច្ចមិនបង្ក្រាបសង្ស័យតែ,,,?
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាឲ្យកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំលង ចុះស្រាវជ្រាវបង្រ្កាបករណីខាងលើ។
ជាលទ្ធផល៖
នៅថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំលង ចុះស្រាវជាវ និងបង្រ្កាបមុខសញ្ញាលេងល្បែងស៊ីសងកន្ទុយលេខ ឃាត់ខ្លួនចំនួន០២នាក់៖
១-ឈ្មោះ អឿន ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ តម្បាញ មានទីលំនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
២-ឈ្មោះ ធុក ថេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បន្ទាប់ពីធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំលង អ្នកទាំង២នាក់ បានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានលេងល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) ដោយអ្នកទាំង២ ជាអ្នកចាំទទួលតារាងលេខឆ្នោតពីកូនកញ្ច្រែង ហើយកូនកញ្ច្រែងបាញ់ឲ្យខ្លួនតាមរយៈប្រព័ន្ធLINE បន្ទាប់មកខ្លួនបានបាញ់តារាងកន្ទុយលេខនេះបន្តទៀតទៅឲ្យមេឆ្នោតធំឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៤០ឆ្នាំ មិនដឹងអាសយដ្ឋានពិតប្រាកដ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំលងបានហៅអ្នកទាំង២ មកធ្វើការសាកសួរនៅប៉ុស្តិ៍ និងបានធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ កន្ទុយលេខ ហើយចាប់តាំងពីថ្ងៃសមត្ថកិច្ចធ្វើកិច្ចសន្យានោះមក អ្នកទាំង២ ក៏បញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ)តទៅទៀត។
សមត្ថកិច្ចជំនាញបានធ្វើការឆែកទៅលើទូរស័ព្ទដៃរបស់អ្នកទាំង២ ទៅលើប្រព័ន្ធLINE និងប្រព័ន្ធកម្មវិធីផ្សេងៗនៅលើទូរស័ព្ទ តែពុំឃើញមានការទទួល ឬបាញ់បង្ហោះតារាងកន្ទុយលេខខុសច្បាប់ឡើយ។
ក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាអប់រំណែនាំបន្ថែមទៀតដល់ឈ្មោះ អឿន ប្រុស និងឈ្មោះ ធុក ថេង មិនឲ្យលេងល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប។
ទន្ទឹមនឹងនេះដែលពលរដ្ឋរង់ចាំមើលថាតើទីតាំងនេះក្រោយពីធ្វើកិច្ចសន្យាពីសមត្ថកិច្ចហើយនោះហ៑ានបើកបន្តទទួលទៀតឬទេ?៕