(ខេត្ដសៀមរាប)៖ មេឈ្មួញឈើដុះស្លែរឈ្មោះ ថៃ ល្បីល្បាញខាងដឹកជញ្ចូនឈើប្រណិតខុសច្បាប់ចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប តាមស្រុកស្វាយលើ យ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានក្អកឡើយ។
ទង្វើបែបនេះត្រូវបានមហាជនដាក់ការសង្ស័យថា មេឈ្មួញឈ្មោះ ថៃ ពូកែដាក់ថ្នាំសណ្ដំអោយសមត្ថកិច្ចមេព្រៃ និងបរិស្ថាន ដេកលង់លក់ស្កប់ស្កល់ និងជាប់ត្រកៀកងាកខ្លួនមិនរួច មិនអាចងើបទៅធ្វើសកម្មភាពបង្រ្កាប់បទល្មើសបានឡើយ ធ្វើអោយឈ្មួញឈើឈ្មោះ ថៃ អាចដឹកជញ្ចូនឈើដោយសេរីរៀងរាល់ថ្ងៃ។
ប៉ុន្ដែមកដល់ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ជាថ្ងៃសោយអស់ល័ក្ខបានដឹកឈើប្រណិតច្រើនពេក រហូតបែកកង់មុខទៅលែងរួច ក៏ផ្លុងរថយន្ដចោលក្នុងកំពតព្រៃ ត្រូវបានគេប្រទះឃើញសុទ្ធតែឈើប្រណិត ។
តាមប្រភពព័ត៌មានច្បាស់ការពីមន្រ្ដីរាជការបានឲ្យដឹងថា ឈ្មួញឈើឈ្មោះ ថៃ គ្មានតួនាទី ឬ បុណ្យស័ក្កអ្វីទាំងអស់ក្នុងជួរកងទ័ព ប៉ុន្ដែឈ្មួញឈើខាងលើនេះបានយករថយន្ដត្រីអ៉ីពាក្យស្លាកលេខ ខេមរភូមិន្ទ 2. 4412 មកដឹកជញ្ចូនឈើខុសច្បាប់ ដោយសេរី ( មិនខុសពីសត្វចៀមពាក់ស្បែកខ្លា កំឡាសត្វឈ្លុសនោះទេ ) ។
មហាជនសូមណូមពរដល់ ឯកឧត្តម សៅ សុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស៊ីបអង្គេតមើលអ្នកយករថយន្ដស្លាកលេខ ខេមរភូមិន្ទ ទៅប្រើប្រាស់ដឹកជញ្ចូនឈើខុសច្បាប់នេះផងព្រោះឥឡូវតាមការពិនិត្យស្រាវជ្រាវឃើញឈ្មួញកំពុងតែប្រើប្រាស់រថយន្ដអង្គភាពយោធាជាច្រើនគ្រឿងសំរាប់ដឹកឈើបំភាន់ភ្នែកមហាជនយ៉ាងក្រអើក្រទម ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើង មិនអាចសុំការបកស្រាយបំភ្លឺពីឈ្មួញឈើខាងលើ និងសមត្ថកិច្ចពាក់ព័ន្ធបានទេ ។ អង្គភាពយើងរង់ចាំធ្វើការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ ៕