(ព្រៃវែង)៖ បន្ទាប់ពីមានការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
លោក នេត នឿន មេឃុំរការបានឃុបឃិតជាមួយឈ្មួញក្នុងការក្លែងឯកសារបន្លំយកដីមេទឹកក្រចាប់មកធ្វើជាកម្មសិទ្ធបុគ្គល លោកសូមបដិសេធទាំងស្រុងតែម្តង។
ជាមួយគ្នានោះ!ដីមេទឹកក្រចាប់នេះស្ថិតនៅភូមិត្រគៀត និងភូមិរការ ឃុំរការ ស្រុកពារាំងខេត្តព្រៃវែង។
គួររម្លឹកថា នៅពេលថ្មីៗនេះពលរដ្ឋរាប់រយគ្រួសារ រស់នៅភូមិត្រគៀត ឃុំរកា ចោទប្រកាន់ទៅលើអាជ្ញាធរមូលដ្ឋានថា៖ បានឃុបឃិតគ្នាជាមួយអ្នកមានទ្រព្យ លួចក្លែងឯកសារដីមេទឹកក្រចាប់ ដែលពលរដ្ឋធ្លាប់អស្រ័យផលយកទឹកស្រោយស្រពដំណំផ្សែងៗតាំងពីដូនតាមកម្លេះ។
មិនតែប៉ុណ្ណោះពលរដ្ឋបញ្ជាក់ថា ការទិញលក់អោយឈ្មួញស្ងាត់ៗ ដោយប្រជាពលរដ្ឋ ពុំបានដឹងខ្លួនជាមុន ហើយពួកគាត់ក៏បានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា ការដកបង្គោលនេះ គឺមិនមែនបុគ្គលណាដកទេ គឺប្រជាសហគមន៍ក្នុងភូមិត្រគៀតជាអ្នកដក។
ចំណែកឯលោក ចេស ហៀប បានបដិសេធ ចំពោះមុខអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះថា ចំពោះអ្វីដែលប្រជាពលរដ្ឋបានលើកឡើងចោទប្រកាន់នេះ ជារឿងមិនពិតទេ ព្រោះគាត់មានឯកសារត្រឹមត្រូវតាំងពីឆ្នាំ២០០៨ មកម្ល៉េះ លោក ចេស ហៀប បានបន្តទៀតថា ដីដែលគាត់ទៅដាំបង្គោលនោះ គឺសំអាងទៅលើឯកសារគ្រប់គ្រាន់ ហើយលោកបានបញ្ជាក់ទៀតថាទីតាំងនោះ ជាទឹកដីភូមិរកា មិនមែនទឹកដីភូមិត្រគៀតទេ ចុះហេតុអ្វីបានជាប្រជាពលរដ្ឋទាំងនោះទៅដកបង្គោលរបស់គាត់។
រីឯលោក នេត នឿន មេឃុំរកា បានលើកឡើងដែរថា ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋក្នុងភូមិត្រគៀត គឺមិនមែនជាការពិតទេ ដោយគាត់ទើបតែឡើងជាមេឃុំក្នុងឆ្នាំ២០១៧ ហើយចំពោះការចោទប្រកាន់ថា គាត់មានការឃុបឃិតជាមួយឈ្មួញនោះ រឹតតែមិនពិតទៅទៀត ពីព្រោះនេះជារឿងតាំងពីមេឃុំចាស់មកម្ល៉េះ គាត់ជាមេឃុំថ្មី គ្រាន់តែមានសិទ្ធិរក្សាឯកសារចាស់តែប៉ុណ្ណោះ ដូច្នេះសូមមហាជនកុំមានការយល់ច្រឡំជាពិសេសប្រជាពលរដ្ឋក្នុងភូមិត្រគៀត។
ជុំវិញករណីវិវាទដីធ្លីខាងលើនេះ លោក ហ៊ី ធួក អភិបាលស្រុកពារាំងបានបញ្ជាក់ឲ្យអ្នកសារព័ត៌មានយើងដឹងនៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះថា ជាគោលជំហររបស់អាជ្ញាធរស្រុកគឺត្រូវរក្សាដីមេទឹកនេះអោយនៅដ៏ដែលប៉ុន្តែអាជ្ញាធរស្រុកសំណូមពរដល់ប្រជាពលរដ្ឋកុំទៅទន្រ្ទានយកហើយក្រោមឡេះថាជារបស់អ្នកនេះរបស់អ្នកនោះប៉ុន្តែចំពោះប្រជាពលរដ្ឋដែលបានទិញលក់កន្លងមកអាជ្ញាធរមិនមានសិទ្ធិហាមឃាត់ទេអោយតែជារបស់ប្រជាពលរដ្ឋពិតប្រាកដហើយសូមកុំអោយមានការចោទប្រកាន់មកលើអាជ្ញាធរថាមានការឃុបឃិតជាមួយឈ្មួញព្រោះការចោទប្រកាន់កន្លងមកវាជារឿងមិនពិតដូច្នេះសូមកុំមានការយល់ច្រឡំ៕