ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតបជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ Heng Ravuth ដែលបាន ខមិន ក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានខ្លឹមសារថា៖ “ជួយមើលប៉ូលីសគោលដៅមុខមន្ទីរពេទ្យឃុំពញាឮផង គៀបយកលុយឆៅៗ (បើកឡានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាប់ខ្លួនហើយ ប៉ូលីសចោទថាមិនបានពាក់ ប្រកែកយកឈ្នះអោយបង់លុយផាកទាល់តែបាន បង់លុយទាំងឈឺចាប់ផង”។
ក្រោយពីទទួលបានព័ត៌មានខាងលេីភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្នរហ័សខេត្ត លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានបញ្ជាឱ្យកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ ស្រាវជ្រាវបំភ្លឺករណីខាងលើ។
ជាលទ្ធផល៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានឃាត់រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-0025 បើកបរដោយឈ្មោះ ហេង ប៊ុនទ្រី (ត្រូវជាកូនរបស់ម្ចាស់គណនី Heng Ravuth) ភេទប្រុស ដែលបើកបររថយន្តមានទិសដៅពីត្បូង ទៅជើង(ភ្នំពេញ-ឧដុង្គ) មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក៏ត្រូវបានកម្លាំងអង្កេតមេីលបទល្មេីសចរាចរណ៍ ដែលឈរជេីងនៅគោលដៅដេីមទី (មុខមណ្ឌលសុខភាពឃុំពញាឮ) ប្រទះឃេីញអ្នកបើកបរខាងលើមិនពាក់ខ្សែក្រវ៉ាត់ ក៏ផ្តល់ព័ត៌មាន(បោះដៃ) តាមវិទ្យុទាក់ទងទៅគោលដៅផាកពិន័យដេីម្បីឃាត់រថយន្ត។ ខណៈនោះ អ្នកបេីកបរឃើញនគរបាលចរាចរណ៍ ក៏ស្រវ៉ាទាញខ្សែក្រវ៉ាត់សុវត្ថិភាពមកពាក់។ បន្ទាប់មកក៏ត្រូវបានកម្លាំងចរាចរណ៍ឈរជេីងនៅគោលដៅផាកពិន័យ ចំណុចមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលពញាឮ ឃាត់រថយន្តបាន ហេីយសមត្ថកិច្ចបាននិយាយថាប្អូនបើកបរមិនពាក់ខ្សែក្រវ៉ាត់ ចំណែកអ្នកបើកបររថយន្តនោះបានតបវិញថាខ្ញុំពាក់ខ្សែក្រវ៉ាត់មកតាំងពីផ្ទះ។ សមត្ថកិច្ចក៏បានអញ្ជេីញគាត់ចុះមកជួបអ្នកដោះស្រាយ ពេលនោះអ្នកបើកបររថយន្តមិនបាននិយាយជាមួយអ្នកដោះស្រាយទេ។ ប៉ុន្តែគាត់បានទំនាក់ទំនងតាមទូរស័ព្ទទៅកាន់អាណាព្យាបាលរបស់គាត់ (អាចជាម្ចាស់គណនីខាងលេី)ថា៖”ប៉ាខ្ញុំពាក់ខ្សែក្រវ៉ាត់តាំងពីផ្ទះ ហើយគាត់ក៏បានបិទទូរស័ព្ទ” និងបន្តទំនាក់ទំនងជាលេីកទី២ នៅពេលសន្ទនាតាមទូរស័ព្ទចប់ សាម៉ីខ្លួនបាននិយាយមកកាន់សមត្ថកិច្ចថាសរសេរប័ណ្ណឱ្យខ្ញុំមក ចាំយកទៅបង់នៅស្នងការ (ដោយស្ម័គ្រចិត្ត គ្មានការគាបសង្កត់ ឬបង្ខិតបង្ខំយកប្រាក់ពីកម្លាំងសមត្ថកិច្ចឡេីយ)។
ផ្អែកតាមដំណេីររឿងខាងលេីក្នុងនាមអធិការដ្ឋាននគរបាលស្រុកពញាឮ សូមបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់ម្ចាស់គណីហ្វេសប៊ុកខាងលេី ដោយសារការចោទប្រកាន់ គឺផ្ទុយពីការពិត និងមានលក្ខណៈគុំគួនមកលេីសមត្ថកិច្ចដែលបានអនុវត្តត្រឹមត្រូវទៅតាមតួនាទី ភារកិច្ច និងច្បាប់បានចែង។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕