ភ្នំពេញ៖ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានលើកឡើងថា៖ បើទោះបី ជម្ងឺកូវីដ-១៩ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ យ៉ាងក្តី តែការធ្វើផ្លូវ ស្តារប្រឡាយ ធ្វើស្ពាន អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើព្រោះថា រដូវវស្សាជិតមកដល់ហើយ ។
លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបន្តថា៖ជាក់ស្តែងកាលពីថ្ងៃទី២១ មិនា២០២១នេះ ដោយអនុវត្តទៅការណែនាំនិងចង្អុលបង្ហាញរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិសែនជ័យនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបើកការដ្ឋានធ្វើស្ពាន ចំនួន៧កន្លែង នឹងបុកស៊ីផាយនៅចំណូចណាមានប្រជាពលរដ្ឋរស់នៅច្រើនតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយមេទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ មិនានេះ បានមានប្រសាសន៍ថា៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរចណ្ឌពោធិសែនជយ័ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែល មានទំហ៊ំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ហើយជាលទ្ធផលយើងស្តារបាន៩០ភាគរយ ។
ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង ភូមិ សាស្ត្រ ខណ្ឌមានជយ័ទៅកាន់បឹងជើងឯកនិងបន្តហូរទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់អាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនារដូវវក្សាខាងមុខនេះបានមួយកំរិតធំ។
លោកសាំ ពិសិដ្ឋ បានបន្តទៀតថា៖ ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងត្រូវដាក់លូប្រអប់បណ្តោះសិន ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ចំណែកនៅមុខផ្ទះប្រជាពលរដ្ឋរស់នៅច្រើននោះ យើងត្រូវបុកស៊ីផាយដើម្បីទប់ដីកុំឱ្យបាក់ចូលប្រឡាយផងដែរ។
គួរបញ្ជាក់ថា៖ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។
ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ទំហំ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ៕