(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ដល់ វ៉ាក់សាំងម្ជុលទី៣ ជាដូសជម្រុញ សម្រាប់ចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាម ក្នុងថ្ងៃនេះ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវសូមឲ្យមានការរួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ជាពិសេសកុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាលផងដែរ ។
តាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាមសម្រេចចាក់វ៉ាក់បង្ការជូនប្រជាពលរដ្ឋ មានអាយុ ១៨ឡើង ក្នុងដូសទី ១ សរុបបានចំនួន ៥៦៣.៦៧៨នាក់ និងចាក់ក្នុងដូសទី ២ អាយុ ១៨ឡើង បានចំនួន ៤១៣.៣៣២នាក់ ។ ចំពោះ កុមារ និងយុវវ័យ (១២-១៧ឆ្នាំ) ឬអាយុក្រោម ១៨ឆ្នាំ ចាក់បានចំនួន ៥៦.៧៤៥នាក់ ។ ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាម នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ ១៩ ក្នុងដូសទី៣ ឬដូសជម្រុញ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់មន្ត្រីរាជការស៊ីវីល មន្ត្រីនគរបាលជាតិ និងព្រះសង្ឃ នៅក្នុងខេត្តកំពង់ចាម ផងដែរ ៕