(ខេត្តកែប)៖ ជនសង្ស័យ៤នាក់ ដែលជាប់ពាក់ព័ន្ធលួចម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកែបឃាត់ខ្លួនបានជាបន្តបន្ទាប់ ហើយបានបញ្ជូនជនសង្ស័យ៤នាក់ខាងលើ ទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
ទាក់ទិននឹងករណីខាងលើ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកែប បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនគឺជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូដែលពលរដ្ឋចតនៅមុខផ្ទះដោយមិនដកសោរចេញ ដោយករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លុះលួចបានសម្រេចជនសង្ស័យក៏បានជិះម៉ូតូនោះគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលព័ត៌មាន និងដោយអនុវត្តតាមការបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញក៏តាមប្រមាញ់និងស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅក្បែរគល់ស្ពានឥន្ទនូ(ស្ពានចាស់) ហើយយកមកសួរនាំ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ទៀត។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធពីបទចោរកម្មទាំង៤នាក់ រួមមាន៖ ទី១-ឈ្មោះ សឹង ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ,ទី២-ឈ្មោះ ឈឹម ណុំ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុង/ខេត្តកែប ,ទី៣-ឈ្មោះ ខែម រី ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤-ឈ្មោះ ទូច កែវ ភេទប្រុស អាយុ២៩ឆ្នាំ។ទាំង២នាក់ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។
ក្រោយពីសាកសួរ និងទទួលបានចម្លើយសារភាព ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកែប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ៕