(ព្រះវិហារ)៖ មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បានសម្តែងសេចក្តីព្រួយបារម្ភថា ព្រៃឈើនៅក្នុងតំបន់ព្រៃព្រះរកា និងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ចៀសមិនផុតពីសេចក្តីវិនាសនោះទេ។
ដោយហេតុថា បច្ចុប្បន្នឈ្មួញឈ្មោះ ចែផល្លា និងឈ្មួញច្រើននាក់ទៀតនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុក។ មានការរិះគន់ចំៗថា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួនទើបឈ្មួញឈ្មោះ ចែផល្លា និងឈ្មួញច្រើននាក់ទៀតអាចដឹកជញ្ជូនពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែផល្លា បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញម្នាក់នេះនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកទាំងថ្ងៃទាំងយប់ព្រោះគ្មានសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ការដែលឈ្មួញឈ្មោះ ចែផល្លា អាចដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងរលូនគឺមានការបើកដៃពីសំណាក់លោក ស៊ុំ ស៊ីវត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលល្បីល្បាញខាងពុករលួយ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល មិនខ្វល់ពីការរិះគន់អ្វីឡើយ។
ប្រភពសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះឈ្មួញឈ្មោះ «ចែផល្លា » បានដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកព្រោះមន្រ្តីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចអាវុធហត្ថនិងសមត្ថកិច្ចនគរបាលតាមស្នាក់ការ តាមប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ៦២ មិនចាត់វិធានការបង្ក្រាបឡើយ។
ជាក់ស្តែងលោក «ប្រាក់ សុវណ្ណ» អភិបាលខេត្តព្រះវិហារ និងលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ សុទ្ធតែរក្សារភាពស្ងៀមស្ងាត់រៀងៗខ្លួន។
ដូច្នេះហើយទើបឈ្មួញឈ្មោះ ចែផល្លា អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ តាមអំពើចិត្តមិនដែលប្រឈមនឹងការបង្ក្រាបឡើយ ៕
ទំនាក់ទំនងលេខទូរស័ព្ទ / 096 7200 797