បន្ទាយមានជ័យ៖ ក្រុមអូសរទេះ និងដើរស្ពាយការុងរើសអេដចាយ បន្លំគាស់ផ្ទះប្រជាពលដ្ឋចូលលួចទ្រព្យសម្បត្តិពេលយប់ ៩នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតស្រាវជ្រាវឃាត់ខ្លួន ជាបន្តបន្ទាប់ និងបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនៅរសៀលថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២១ នេះ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២១ ខណៈពេលដែលកម្លាំងចុះល្បាតតាមមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ ០២នាក់ ស្ពាយការុងដើររើសអេតចាយ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនធ្វើការឆែកឆេរឃើញវត្ថុតាង ក្បាលរ៉ូមីណេទឹក កន្លះការុង ។
យោងតាម ចម្លើយសារភាពជនង្ស័យ នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២១ កម្លាំងបានចុះទៅស្រាវជ្រាវឃាត់ខ្លួនបក្ខពួកបានចំនួន ០៧នាក់ បន្ថែមទៀត នៅចំណុចផ្ទះជួលក្នុងភូមិសាស្ត្រខាងលើ រកឃើញវត្ថុតាងបន្ថែមទៀតរួមមាន កង្ហាត្រជាក់០១, ចានបង្គន់០១, ភ្លើងហ្វា០១, ឧបករណ៍បន្ទប់ទឹក ខ្សែរភ្លើងមួយចំនួន, កញ្ចក់សូឡា ០៦ផ្ទាំង, ដុំឌីសង់ទ័រ ១៦, រ៉ឺម៉កកង់បី០១គ្រឿង, កាំបិតខ្វែវ១, ពូថៅ០២, ដាវ០១ និងដបជក់គ្រឿងញៀន៣ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានបានដើរស្ពាយការុង និងអូសរទេះរើសអេតចាយនៅពេលយប់ និងតែងតែដើរគាស់ផ្ទះអ្នកស្រុកដែលគេមិននៅចូលលួចយកសម្ភារៈ និងទ្រព្យសម្បត្តិអ្នកស្រុកពិតប្រាកដមែន ។ ដោយឡែកលទ្ធផលធ្វើតេស្តលើជនសង្ស័យទាំង ០៩នាក់ បញ្ជាក់ថាពួកគេជាប់មានសារធាតុញៀនចំនួន ០៨នាក់ ៕