(ខេត្ដបន្ទាយមានជ័យ)៖ ពលរដ្ឋអាណាធិបតេយ្យ៣១គ្រួសារដែលអះអាងថា មកពីក្រុងប៉ោយប៉ែតនិងស្រុកស្វាយចេក បានលើកគ្នាទៅបោះជំរំតង់នៅលើដីមានម្ចាស់មួយកន្លែងនៅថ្នល់បត់ឃុំអូរបីជាន់ស្រុកអូរជ្រៅ តាំងពីចុងខែមិថុនាឆ្នាំ២០២១ មក ។
នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១ មន្ត្រីថ្នាក់ជាតិដឹកនាំដោយប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ថ្នាក់ខេត្តដឹកនាំដោយលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានទៅជួបផ្ទាល់អប់រំ ណែនាំនិងស្នើអោយយរើចាកចេញ។
ក្នុងនោះ ក៏មានអោយពលរដ្ឋសរសេរពាក្យបណ្តឹងប្តឹងទៅអ្នកណាដែលពលរដ្ឋថា បានរំលោភយកដីធ្លីខ្លួន ព្រមទាំងដាក់សំអាងមកជាមួយផង ។
ពោលគឺ បងប្អូនពលរដ្ឋមិនត្រូវប្រព្រឹត្តអំពើអាណាធិបតេយ្យនិងលើកគ្នាទៅប៉ះពាល់និងរំលោភយកកម្មសិទ្ធិរបស់អ្នកដទៃដោយខុសច្បាប់ដោយចិត្តឯងឬដោយមានអ្នកញុះញង់ឡើយ ។
លោកណៅ វាសនា ហៅណុប ពលរដ្ឋរស់នៅភូមិបន្ទាយថ្មីឃំអូរបីជាន់ ដែលជាអ្នកជួយមើលដីនោះបានប្រាប់ថ្ងៃទី១៧ខែកក្កដា ៖ ដីនោះជាកម្មសិទ្ធិរបស់លោកលន់ ភុន រស់នៅក្រុងភ្នំពេញ(មានបង្កាន់ដៃអាជ្ញាធរ) ។
លោកបន្តថា កាលពីថ្មីៗនេះ លោកបានភ្ជួរដីនេះ អោយរាបព្រៃ ប៉ុន្តែបន្ទាប់មកក៏ស្រាប់តែមានពលរដ្ឋអាណាធិបតេយ្យដែលទំនងជាមានមេខ្យលើញុះញង់ អោយលើកគ្នាមកបោះជំរំតង់នៅលើដីនោះប្រមាណ៥ហិចតាតា ហើយបានបោះតម្រុយរៀបចំចែកគ្នាតាមតែចិត្តទៅវិញ ។
ចំណែកពលរដ្ឋខាងលើបានប្រាប់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចថា ៖ ពួកខ្លួនធ្លាប់ត្រូវមានឈ្មោះទទួលរបបដីដែលលោកវរសេនីយ៍យោធាជើងគោក ឈ្មោះឃួន វណ្ណាថែកអោយនៅភូមិបឹងស្នោរពីឆ្នាំ២០០២ ។ ប៉ុន្តែពីនោះ មកពួកខ្លួនមិនទាន់បានទទួលរបបនោះ ទើបពេលនេះ លើកគ្នាមកចាប់ដីនេះទៅ ។
សូមរំលឹកដែរថា ម៉ោង១០និង១៥នាទីថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយឯកសែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានដឹកនាំកម្លាំងនគរបាលជំនាញស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ចុះណែនាំដល់ប្រជាពលរដ្ឋចំនួន៣១គ្រួសារមកពីស្រុកស្វាយចេកនិងក្រុងប៉ោយប៉ែតមកសង់រោងអាណាធិបតេយ្យនៅលើដីឈ្មោះលន់ ភុន ស្ថិតនៅភូមិថ្នល់បត់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ដោយអោយរុះរើចេញពីលើដីនៅថ្ងៃនេះ(ទី១៧ខែកក្កដា ) ពុំនោះទេ បងប្អូននឹងរងការដោះស្រាយតាមផ្លូវច្បាប់។
ប៉ុន្តែមកទល់ថ្ងៃទី១៧ខែកក្កដា ហើយមានទាំងមន្ត្រីគ្រប់ថ្នាក់ទៅណែនាំផង ក៏ពលរដ្ឋទាំនោះ មិនព្រមចាកចេញ ។
នោះដោយសារថា មន្ត្រីបានទុកពេល១ឬ២ថ្ងៃទៀត អោយបងប្អូនសរសេរពាក្យបណ្តឹងនិងដាក់សំណាងរឿងដីណាឬរបបដូចម្តេចដែលថា បងប្អូនមិនទទួលបាន ។ប៉ុន្តែបើ គ្មានអ្វីជាសំអាងត្រឹមត្រូវស្របច្បាប់ទេ បងប្អូនត្រូវទទួលខុសត្រូវខ្លួនឯងចំពោះមុខច្បាប់ ៕