(ខេត្ដកំពង់ចាម)៖ ក្នុងឱកាសនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន វេរប្រគេនដល់ព្រះសង្ឃ ចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម ដែលបានរៀបចំឡេីងនៅវត្តខេមវន្តបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ព្រះចៅអធិការវត្តគ្រប់វត្ត សូមជួយផ្សព្វផ្សាយរំលឹកដល់លោកយាយ លោកតា ពុទ្ធបរិស័ទទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ឲ្យជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយបច្ចុប្បន្នជំងឺឆ្លងរាតត្បាតនេះ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ សម្រាប់ក្នុងខេត្តកំពង់ចាមតួរលេខអ្នកស្លាប់បានកេីនឡេីងដល់៥៦នាក់ហេីយ ។ ដើម្បីជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ យើងទាំងអស់គ្នា ត្រូវចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសាកលនេះ ដោយការថែរក្សាសុខភាព ជាពិសេស ការអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមប្រសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសការចូលរួមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសហគមន៍ទាំងមូលផងដែរ។
គួរបញ្ជាក់ថា ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស ឯកឧត្ដមអភិបាលខេត្ត ក៏បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានវេរប្រគេនដល់ព្រះសង្ឃទាំង ៤វត្ត ដោយក្នុង ១វត្តៗ មាន ៖ ទៀនព្រះវស្សា ១គូ ទេយ្យវត្ថុ ១កញ្ចប់ អង្ករ ២០០គីឡូក្រាម មី ១០កេស ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ទឹកដោះគោខាប់ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥កញ្ចប់ ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រក និងបច្ច័យ ១.៧០០.០០០រៀល ៕