(ខេត្ដកំពង់ចាម)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ២ខ្សែ ប្រវែង ៣.១៨៥ម៉ែត្រ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានការស្នេីសុំពីអាជ្ញាធរមូលដ្ឋាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពផ្តល់ផ្លូវកៅស៊ូចំនួន២ខ្សែ ដេីម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការធ្វើដំណើរផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា តាមរយៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស ទឹក ភ្លើង និងផ្លូវ ជាក់ស្ដែងថ្ងៃនេះយើងបានទទួលផ្លូវកៅស៊ូ២ខ្សែ ដែលមានប្រវែង៣.១៨៥ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីចំណុចភូមិចំការខ្ពប តភ្ជាប់ទៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម គឺត្រូវស្ថាបនាត្រឹមរយៈពេល៤ខែ ប៉ុណ្ណោះ។ នៅពេលដែលស្ថាបនារួច សូមបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ផ្លូវនេះ ដើម្បីបង្កេីនប្រាក់ចំណូលចូលក្នុងគ្រួសារ ហើយត្រូវចូលរួមជួយថែរក្សាឲ្យបានយូរអង្វែងផង។ ក្រៅពីនោះសូមបងប្អូន ចូលរួមគាំទ្រដល់អាជ្ញាធរយេីង ដេីម្បីបន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចជាសមិទ្ធផលថ្មីៗជាច្រើនទៀត ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមប្រសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសត្រូវកែប្រែទម្លាប់នៃការរស់នៅ ឲ្យសមស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។ ហេីយសូមកុំឲ្យមានការអៀនខ្មាស បេីសិនជាមានសមាជិកក្នុងគ្រួសារដែលសង្ស័យថាវិជ្ជមានកូវីដ-១៩នោះ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដេីម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា និងដាក់ផែនការទប់ស្កាត់កុំឲ្យរីករាលដាលបន្តផងដែរ ៕