ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រនេះ តាមប្រព័ន្ធអនឡាញ!

ភ្នំពេញៈប្រសិនជាពុំមានការប្រែប្រួលទេ នៅថ្ងៃសុក្រសប្តាហ៍នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (ZOOM)។ កិច្ចប្រជុំ និងពិនិត្យនិងពិភាក្សាលើរបៀបវារៈរួមមាន ទី១.សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា និង ទី២.បញ្ហាផ្សេងៗមួយចំនួន។

 

យោយតាងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថាយោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (ZOOM) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ១៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពិនិត្យនិងពិភាក្សាលើ៖១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ២- បញ្ហាផ្សេងៗមួយចំនួនទៀត។អាស្រ័យ ហេតុនេះសូមសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ គ្រប់ក្រសួង ស្ថាប័ន មេត្តាជ្រាបជាព័ត៌មាន។

គួររំលឹកថាបន្ទាប់ពីផ្ទុះកូវីដ១៩ ជាសហគមន៍ ២០ កុម្ភៈមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីត្រូវបានលើកពេលជាបន្តបន្ទាប់។ នេះជាលើកទី១ ហើយដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *