(ខេត្តស្វាយរៀង)៖ បុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះមិច ជាឈ្មួញទិញស្រូវដ៏មានឥទ្ធិពលម្នាក់ បានចាក់ដីលុបមាត់ព្រែកធម្មជាតិនិងចំណីផ្លូវយកទៅធ្វើជាកម្មសិទ្ធិធ្វើឲ្យប៉ះពាល់ផ្លូវទឹកដ៏សំខាន់នៅចំណុចស្ពានអូរសាដាវ ស្ថិតនៅភូមិអូរ ឃុំថ្មីស្រុកកំពង់រោទិ៍ ជាកម្មសិទ្ធិផ្ទាល់ខ្លួន។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីនេះបានកើតឡើងជិត០៤ខែមកហើយគឺចាប់តាំងពខែមីនា២០២១ប្រជាពលរដ្ឋបានប្រតិកម្ម ហើយសូមឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់ក៏ប៉ុន្តែគ្មានប្រសិទ្ធិភាព។
ជុំវិញករពីនេះដែរ លោក សំ ពាន់ មេឃុំថ្មី បានប្រាប់អ្នកសារព័ត៌មានថា ករណីឈ្មោះ មិច បានចាក់ដីលប់ព្រែកធម្មជាតិនិងចំណីផ្លូវធ្វើជាកម្មសិទ្ធិនេះ កើតឡើងតាំងពីដើមខែមីនាឆ្នាំ២០២១មកម្ល៉េះលោកបានឲ្យសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំទៅ ហាមឃាត់ឲ្យផ្អាកឈប់ធ្វើសកម្មភាព ហើយបានកោះហៅ ឈ្មោះតាត ប៊ុណ្ណារិទ្ធិ «ហៅមិច»មកសាកសួរនៅសាលាឃុំថ្មី ករណីចាក់ដីបំពេញលើដី ក្បែរស្ពានអូរសាដាវ ដែលធ្វើឲ្យប៉ះពាល់ព្រែកធម្មជាតិរបស់រដ្ឋនិងចំណីផ្លូវសាធារណៈ ឈ្មោះខាងលើនេះបានឆ្លើយថា ខ្លួនគ្មានលុយ ឯណា ទៅចាក់រំលោភយកដីរដ្ឋ ខុសពីដីខ្លួនឯងទេ ប៉ុន្តែក្រុមអ្នកឡានចាក់ដី ចាក់សុទ្ធតែដីទន់ ទើបត្រូវបាក់ហៀរ ចេញចូលក្នុងព្រែកបែបនេះ ។
លោកបានបន្ដថា ក្នុងនាមគេជាម្ចាស់ដី បានប្រាប់ទៅ ក្រុមអ្នកម៉ៅការចាក់ដី ថា កុំចាក់ដីឲ្យហៀរចូលដីរដ្ឋប្រយត្ន័ ឃុំស្រុកគេរករឿង ក្រុមអ្នកចាក់ដីឆ្លើយថា ទុកឲ្យដីរឹងបន្តិច និងកាយយកអាចម៍ដីវិញ ក៏ប៉ុន្តែជននេះមិនបានគោរពតាមកិច្ចសន្យានោះទេ បែជាផ្គើន ខណៈអាជ្ញាធររវល់ ការងារចុះស្រាវជ្រាវ រកអ្នកពាក់ពន្ន័ អ្នកជម្ងឺកូវីដ១៩ ចុះអប់រំប្រជាពលរដ្ឋទប់ស្កាត់ការឆ្លងកូវីដ១៩ ជនឈ្មោះតាត សុវណ្ណរិទ្ធ ហៅមិច ឈ្លៀតឱកាសបានលួចចាក់ដីបំពេញ រហូតពេញស្មើថ្នល់ជាតិ រំលោភលើដីព្រែកធម្មជាតិរបស់រដ្ឋនិងដីចំណីថ្នល់តែម្តង។
ទាក់ទិនករណីនេះដែរ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា លោកបានឲ្យមន្ត្រីជំនាញការិយាល័យ ភូមិបាលស្រុកហៅឈ្មោះ មិច មកសាកសួរ ការចាក់ដី អត់សុំច្បាប់អាជ្ញាធរ ធ្វើឲ្យប៉ះពាល់ដីសាធារណៈរបស់រដ្ឋ ជន នេះបានឆ្លើយថា ខ្លួនទិញដីគេ មានប្លង់ ដូច្នេះលោកកំពុងឲ្យមន្ត្រីភូមិបាលស្រុកដាក់សំណើទៅលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់និងសុរិយោដីខេត្ត ឆែកមើលកំណត់ហេតុ នៃគំនូសប្លង់វាស់វែង ថាតើបណ្ណ័សំគាល់សិទ្ធិនេះទំហំ ប៉ុណ្ណា ? ដោយគេបង្ហាញបណ្ណ័ចុះបញ្ជីនៅឆ្នាំ២០០១។
បើពិនិត្យមើលជាក់ស្តែង ចំណីផ្លូវជាតិ លេខ៣១៤Dនេះចំណីផ្លូវ២៥ម៉ែត្រ ព្រែក អូរសាដាវ ចំណី អូរ ១០ម៉ែត្រ ក៏ប៉ុន្តែការពិនិត្យឃើញថា ចាក់លុបចំណីផ្លូវនិងលុបចូលដល់ពោះអូរទៅហើយ។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងថា បញ្ហា ទីតាំងចាក់ដីលប់ចំណីអូរសាដាវនេះ គឺលោកបានចុះពិនិត្យហើយកំពុងសហការជាមួយអាជ្ញាធរស្រុកលោកស្រាវជ្រាវ កំណត់ផលប៉ះពាល់លទ្ធផលយ៉ាណា ចាំស្រាវជ្រាវសិន។
លោកបញ្ជាក់ថា អូរសាដាវនេះ ស្ថិតនៅជិតព្រំដែន នាំទឹកសម្រាប់ឲ្យប្រជាកសិករស្រោចស្រប់ស្រែរាប់ពាន់ហិកតាក្នុងឃុំថ្មី ទាំងប្រាំងវស្សា និងសម្រាប់គោក្របី ផឹក នារដូវប្រាំង៕