ព័ត៌មានសន្តិសុខសង្គម

តើប្រទេសមានច្បាប់ដែរឺទេ? បើប៉ូលីស ដែលយកកាំភ្លើង AK បាញ់ប៉ងសម្លាប់ប្រជាការពារភូមិ អាងខ្នងធំនៅពីក្រោយ ច្បាប់មិនអាចចាត់ការហើយដោះលែងទៅវិញនោះ?

(ខេត្តកំពង់ស្ពឺ)៖ ប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

បានខ្សឹបប្រាប់អ្នកសារព័ត៌មានថា មន្ត្រីនគរបាលប៉ុស្ដិ៍ឃុំព្រះស្រែ ស្រុកឧដុង្គ ឈ្មោះ ឱម ពេជ្រពិដោ មានខ្នងបង្អែកធំណាស់ ចាំកាងមិនឱ្យមន្ត្រីជំនាញប៉ះពាល់សូម្បីមួយសរសៃសក់បើទោះជាមន្ត្រីនគរបាលរូបនេះ បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាក់ស្តែងយ៉ាងណាក៏ដោយ។

ប្រភពដដែលបាន បន្ថែមថា អត់មានអ្នកណាហ៊ានចាត់ការមន្ត្រីល្មើសឈ្មោះ ឱម ពេជ្រពិដោ ឡើយព្រោះមានគេចាំកាង ដូច្នេះមន្ត្រីជំនាញ មានតែសុំឱ្យបងប្អូនអ្នកសារព័ត៌មានជួយផ្សព្វផ្សាយផង។

ទោះជាយ៉ាងណា អ្នកសារព័ត៌មាន ក៏បានព្យាយាមទាក់ទង ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ តាម Telegram ដើម្បីសុំការបញ្ជាក់អំពីចំណាត់ការរបស់សមត្ថកិច្ចលើមន្ត្រីឈ្មោះ ឱម ពេជ្រពិដោ ផងដែរ ប៉ុន្តែលោកស្នងការឃើញហើយមិនឆ្លើយតប។

ប្រភពពីសាលាដំបូងខេត្ដកំពង់ស្ពឺ បានបង្ហើបថា ជនសង្ស័យជាមន្ត្រីនគរបាលប៉ុស្តិ៍ឃុំព្រះស្រែ ស្រុកឧដុង្គ ឈ្មោះ ឱម ពេជ្រពិដោ ត្រូវបានសមត្ថកិច្ចដោះលែងបាត់ទៅហើយ ដោយគ្មានទាំងឆ្លងយោបល់ស្ថាប័នអយ្យការ សូម្បីតែមួយម៉ាត់ផង។

គួររម្លឹកថា មានករណី ប៉ុនប៉ងឃាតកម្ម មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ នៅចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ឱម ពេជ្រពិដោ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ ៣) ជាមន្ត្រីនគរបាលរដ្ឋបាលឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ី សុផល ភេទប្រុស មានមុខរបរ ប្រជាការពារភូមិ។

ជនសង្ស័យ និងជនរងគ្រោះ រស់នៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាមួយគ្នា។

នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងកម្លាំងប្រជាការពារដទៃទៀត បានផឹកស៊ីជាមួយគ្នា។

លុះដល់ម៉ោងប្រហែល ៨យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យ បាននិយាយទៅកាន់ ជនរងគ្រោះ និងកម្លាំងប្រជាការពារដទៃទៀតថា៖ «ពួកប្រជាការពារ មិចមិនដើរល្បាតជាមួយអញ? មិចទៅដើរជាមួយប៉ូលីសផ្សេង?»

ពេលនោះ ជនរងគ្រោះ អ៊ី សុផល បានតបវិញថា៖«ពួកខ្ញុំដើរតាមបទបញ្ជារបស់មេប៉ុស្តិ៍ បើមេប៉ុស្តិ៍ឲ្យទៅជាមួយអ្នកណា ខ្ញុំទៅជាមួយអ្នកនោះ។»

ស្រាប់តែជនសង្ស័យខឹងសម្បាយ៉ាងខ្លាំង និងស្រែកថា៖«អញទៅយកកាំភ្លើងបាញ់ ឯង (ជនរងគ្រោះ) ចោលមួយមើល។»

និយាយរួចជនសង្ស័យក៏ជិះម៉ូតូចេញទៅមួយភ្លែត ស្រាប់តែ ស្ពាយកាំភ្លើង AK (បើកសោរ និងអាម៉េបញ្ចូលគ្រាប់ហើយស្រេច) ទៅភ្ជង់ បម្រុងបាញ់សម្លាប់ជនរងគ្រោះមែន ប៉ុន្តែដោយមានកម្លាំងប្រជាការពារនៅកន្លែងកើតហេតុ ជួយជ្រោងកាំភ្លើងឡើងលើទាន់ ទើបបាញ់ខុសជនរងគ្រោះ ចំនួន ១គ្រាប់ និងត្រូវប្រជាការពារម្នាក់ កាច់យកបង់កាំភ្លើងចេញ និងដំណ្ដើកាំភ្លើងបានទើបមិនបណ្ដាលឲ្យមានអ្នកណារងរបួស ឬស្លាប់ នៅក្នុងពេលកើតហេតុ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ ប៉ុន្តែក្រោយពីសាកសួររួចមានសេចក្តីរាយការណ៍ថា ជនសង្ស័យជាមន្ត្រីនគរបាលខាងលើត្រូវបានគេដោះលែងឱ្យមានសេរីភាពវិញដើម្បីអាចវិលទៅដើរផឹកស៊ីនឹងបាញ់បោះសេរីដូចដើម។

សូមជម្រាបថា កាលពីអំឡុងចុងខែសីហា ឆ្នាំ២០២០កន្លងទៅ មានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង  ចំនួន ៧នាក់ (អធិការរងម្នាក់) ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ដាក់គុកបានមួយរយៈ បន្ទាប់ពីពួកគេផឹកស៊ី និងបាញ់បោះសេរីនៅក្នុងកន្លែងធ្វើការ ដោយមិនមានជនរងគ្រោះ។

ចុះហេតុអ្វី នគរបាលឈ្មោះ ឱម ពេជ្រពិដោ ផឹកស៊ី និងបាញ់ប៉ុនប៉ងសម្លាប់មនុស្សទាំងមូល បែរជាគ្មានទោស និងគ្មានអ្នកណាហ៊ានចាប់បញ្ជូនទៅតុលាការ?

តើនេះ អាចចាត់ទុកថា ជាការអនុវត្តច្បាប់បែបស្តង់ដា ២ នៅក្រោមច្បាប់ និងរដ្ឋបាលខេត្តតែមួយដែរឬ?

adm

Leave a Reply

Your email address will not be published. Required fields are marked *