(ខេត្ដស្វាយរៀង)៖ នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រជុំជួរបញ្ជាការ ស្តីពីរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១។
សមាសភាពចូលរួម ៖ លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរ និងលោកលោកស្រីនាយការិយាល័យដែលមានការពាក់ផងដែរ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសេីដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ ថែទាំសុខភាព ការធ្វេីអនាម័យសម្អាតអង្គភាពដេីម្បីប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។
លោកមេបញ្ជាការ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេសកងរាជអាវុធហត្ថខេត្ត ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួនម្នាក់ៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ មេបញ្ជាការ ផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩ មានសុខភាពល្អ គ្រួសាររកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លេីដាក់ឱ្យធ្វេី៕