(ខេត្ដកំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីសក័របស់រដ្ឋបាលស្រុកព្រៃឈរ និងស្ថានភាពបិទខ្ខ្ទប់ផ្ទះធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ។
ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ ។ លេីសពីនេះចំពោះអ្នកដែលពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទាក់ទងនឹងអ្នកវិជ្ជមានកូវីដ-១៩ សូមអញ្ជើញទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ប្រសិនបេីមានបញ្ហាសុខភាព ដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច គឺត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមខេត្តកំពង់ចាម ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្តវិធានការសុខាភិបាល បន្តការគ្រប់គ្រងចំពោះអ្នកដែលសង្ស័យ សំខាន់ផ្តោតទៅលើកម្មករកម្មការិនី ពិសេសត្រូវស្រាវជ្រាវស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ពោលគឺត្រូវនាំគាត់ទៅយកសំណាក ហេីយត្រូវពិនិត្យដោយឧបករណ៍ពិសេសជាបន្ទាន់ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា ក្នុងករណីវិជ្ជមានកូវីដ-១៩ ។
ស្ថិតក្នុងដំណើរបេសកកម្មនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានប្រគល់រថយន្តបែនដឹកសំរាម ១គ្រឿង ចំណុះ ៥តោន ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋានផងដែរ ៕