ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងពិនិត្យស្ថានភាព ស្ពានភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បី លើកគម្រោងស្ថាបនាស្ពានបេតុងថ្មី ខណៈស្ពានចាស់ ១កន្លែង នេះ មានសភាពចាស់ទ្រុឌទ្រោម ។
សូមជម្រាបថា កាលពីមុនផ្លូវចាប់ពីចំណុច គល់ស្ពានព្រែកដើមស្ដៅ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ឆ្ពោះទៅកាន់ស្រុកស្រីសន្ធរ ត្រង់ចំណុចឃុំព្រែករំដេង គឺជាផ្លូវដី មានការលំបាកធ្វើដំណើរ ។ ដើម្បី ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រេចស្ថាបនាផ្លូវនេះ ទៅជាផ្លូវក្រាលបេតុង ដើម្បី សម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋ ។ មកដល់បច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវបេតុង ដែលមានប្រវែងជាង ២០គ.ម នេះ បានអនុវត្ត ១០០ភាគរយហើយ ពោលគឺ នៅសេសសល់តែទីតាំងស្ពានមួយចំនួន ដែលត្រូវស្ថាបនា តភ្ជាប់តួផ្លូវ តែប៉ុណ្ណោះ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងក្រុមការងារ ក៏បានបន្តចុះពិនិត្យផ្លូវលេខ ៧០ B ដែលរងការខូចខាតដោយអន្លើ ។ ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យមន្ទីរជំនាញ ធ្វើការជួសនៅតាមកន្លែងខូចខាត ជាបន្ទាន់ឡើងវិញ ផងដែរ ៕