ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិឈុតយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា (Under 22) ប្រកួតជាមួយក្រុម U22 ហ្វីលីពីន នៅម៉ោង៧យប់ថ្ងៃទី២នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។
យ៉ាងណា ក្រុមទាំងពីរត្រូវពើបប្រទះគ្នាម្តងទៀតជាលើកទី៤ នាម៉ោង ៧យប់នេះនៅទីលានស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងប្រកួតទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល A ក្នុងយុទ្ធនាការរយៈពេល ២ឆ្នាំម្តងប្រចាំតំបន់អាស៊ីអាគ្នេយ៍ លើកទី៣២ នៅប្រទេសកម្ពុជា។
បើតាមអ្នកវិភាគកីឡាបាល់ទាត់ថា កម្ពុជា នឹងមានសង្ឃឹមប្រហែល ៦០% ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើអាចយកឈ្នះហ្វីលីពីនរាត្រីថ្ងៃអង្គារ ទី០២ ខែឧសភានេះ ដ្បិតទើបរកបាន ៣ពិន្ទុ និងឈរកំពូលតារាងផងដែរ ពីការយកឈ្នះស្រួលៗលើគូប្រជែង U22 ទីម័រខាងកើតក្នុងលទ្ធផល ៤-០ ក្រោយពេលហ្វីលីពីនបានចាញ់ឥណ្ឌូនេស៊ី ៣-០ នៅថ្ងៃបើកឆាកពូល A នាកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិឈុតយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា (Under 22) ធ្លាប់បរាជ័យក្រោមថ្វីជើង U22 ហ្វីលីពីនម្តងក្នុងលទ្ធផល ២-០ កាលពី ៦ឆ្នាំមុន ពោលគឺនៅព្រឹត្តិការណ៍ SEA Games 2017 ដែលមានប្រទេសម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះ។
២ឆ្នាំបន្ទាប់ ពោលគឺ SEA Games 2019 នៅហ្វីលីពីន ក្រុម U22 កម្ពុជាបន្តលេងមិនឈ្នះហ្វីលីពីនទៀត ដោយបានត្រឹមបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ តែធ្វើបានល្អបំផុតកាលឆ្នាំ២០១២ នៃជំនួបមិត្តភាពអន្តរជាតិតាមរយៈយកឈ្នះហ្វីលីពីន ៥ទល់នឹង១ ពីការជួបគ្នាលើកដំបូង៕