(ខេត្តកណ្តាល)៖ ប្រភពពីក្រុមឈ្មួញ និងអាជីវករបានត្អូញត្អែថា៖ អ្នកប្រើប្រាស់រថយន្តធុនធំដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ មិនដែលឃើញលោក អូន រស្មី ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្រុកលើកដែក ចាត់វិធានការតាមផ្លូវច្បាប់នោះទេ។
តែផ្ទុយទៅវិញលោក អូន រស្មី នេះគ្រាន់តែបញ្ជាឲ្យកូនចៅមើលស្លាកលេខរថយន្ត ហើយកត់ស្លាកលេខរថយន្តទុកជាការស្រេច ដើម្បីទូទាត់ប្រចាំខែព្រោះម្ចាស់រថយន្តធំៗទាំងនោះ ត្រូវបានគេដឹងថា ជាប្រភពចំណូលដ៏សំខាន់របស់លោក អូន រស្មី និងបក្ខពួក។
បញ្ហានេះសូមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស សូមពិនិត្យមើលមិនត្រូវទុកឲ្យលោក អូន រស្មី នៅតែប្រព្រឹត្តអំពើពុករលួយ បានតាមតែចិត្តនោះទេ?។
ប្រភពបានឲ្យដឹងថា បើទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវលោក អូន រស្មី និងបក្ខពួករាប់ក្បាលឡាន តម្រូវឲ្យបង់លុយតាមការកំណត់ស្រេចតែទំនើងចិត្ត គឺក្រុមគេទាំងអស់នោះបានប្រែក្លាយជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងទារលុយយ៉ាងពេញបន្ទុកទៅវិញ។
ហេតុនេះហើយទើបក្រុមឈ្មួញ និងអាជីវករមានការអំពាវនាវសូមឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ចាត់វិធានការទប់ស្កាត់នូវអំពើពុករលួយរបស់លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ១ ស្រុកលើកដែក ឲ្យប្រសិទ្ធភាពផងទាន។
រាល់បញ្ហាក្រុមឈ្មួញ និងអាជីវករបានត្អូញត្អែខាង អង្គភាពសារព័ត៌មានយើងមិនអាចសុំកាបកស្រាយឫបំភ្លឺពីលោកអូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ១ ស្រុកលើកដែកបានទេព្រោះគ្មានលេខទូរស័ព្ទ។
ហើយអង្គរសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្វឡើងវិញរាល់បញ្ហាខាងលើរៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាន។
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕ដោយ៖សហការី