(ព្រៃវែង)៖ ពលរដ្ឋរាប់សិបនាក់ បានសម្ដែងការសោកស្ដាយ និងហួសចិត្តជាខ្លាំង ខណៈស្ងាត់ៗស្រាប់តែ ឃើញបុគ្គល១គ្រួសារ មានប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)គ្របលើដីផ្លូវសាធារណៈ។
បណ្ដាលឱ្យពួកគាត់ លែងមានផ្លូវសម្រាប់ ធ្វើដំណើរទៅមកដូចមុនៗ
ក្នុងនោះពួកគាត់បាននាំគ្នា ផ្ដិតមេដៃ ប្រឆាំងចំពោះការចេញ(ប្លង់រឹង)មួយនេះ។
សូមជម្រាបថាៈ ដីផ្លូវសាធារណៈដែលកំពុងមានទំនាស់ខាងលើ ស្ថិតនៅចំណុចព្រំប្រទល់ រវាងភូមិខ្លំ និងភូមិអន្លង់ចក ក្នុងភូមិអន្លង់ចក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ករណីនេះលោក ម៉ម ហេង មេភូមិអន្លង់ចក បានទទួលស្គាល់ថាៈ ដីនេះពីមុនមក គឺពិតជាដីផ្លូវសាធារណៈ របស់រដ្ឋប្រាកដមែន ប៉ុន្តែឥឡូវលែងជាដីផ្លូវទៀតហើយ។
យោងលិខិតបញ្ជាក់ៈរបស់ពលរដ្ឋ ចុះកាលបរិច្ឆេទ នៅថ្ងៃទី០៨.០២.២០២៣ អមដោយស្នាមមេដៃ ជិត១០០នាក់!។
បានអះអាងថាៈ ដីផ្លូវត្រង់ចំណុចព្រំប្រទល់រវាងភូមិខ្លំ និងភូមិអន្លង់ចក ក្នុងភូមិអន្លង់ចក ឃុំកំពង់ត្របែក។
ដែលមានព្រំប្រទល់៖
-ខាងលិចទល់ ផ្លូវលំមាត់ទន្លេ។
-ខាងកើតទល់ ដីស្រែកសិករ។
-ខាងជើងទល់ នួន ខេមរា និងប៊ុន មុំ+ប៊ុន ចន្នី។
-ខាងត្បូងទល់ ប្រឡាយទឹក។
គឺពិតជាដីផ្លូវសាធារណៈ របស់រដ្ឋប្រាកដមែន ដែលពួកគាត់ តែងតែធ្វើដំណើរទៅមក និងដឹកកសិផល តាំងពីដូនតា មកម្ល៉េះ។
ក្នុងនោះដែរ ពលរដ្ឋបានប្រតិកម្ម ប្រឆាំងដាច់ខាត! ចំពោះការយកដីផ្លូវសាធារណៈ ទៅកាត់ឆ្វៀល ចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យទៅមន្ត្រីប៉ូលិសម្នាក់ ដើម្បីក្លាយជាសម្បត្តិឯកជន!។
ជុំវិញករណីនេះ ពលរដ្ឋបានហួសចិត្តថាៈ ផ្លូវសាធារណៈ ដែលពលរដ្ឋធ្វើដំណើរ តកូនតចៅ តាំងពីបុរាណយូណាស់ មកហើយ។
បែរជាអាជ្ញាធរឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក រួមនិងមន្ត្រីជំនាញស្រុកកំពង់ត្របែក ត្រូវគ្នាជាប្រព័ន្ធ ជាមួយបុគ្គលមានលុយ វាស់កាត់បញ្ចូលដីផ្លូវឱ្យក្លាយជាកម្មសិទ្ធឯកជន រហូតចេញ(ប្លង់រឹង)ឱ្យឈ្មោះ នួន ខេមរា និង ប៊ុន មុំ។
ជាហេតុនាំឱ្យមន្ត្រីប៉ូលិសឈ្មោះ នួន ខេមរា និងប្រពន្ធឈ្មោះ ប៊ុន មុំ ដែលជាអ្នកទទួលបាន(ប្លង់រឹង)។
មកដាំបង្គោលថ្ម តាមគំនូសប្លង់ វាតទីយកដីផ្លូវសាធារណៈទាំងស្រុង!
ពោលគឺៈ ព្រំថ្មីមកកើល និងមាត់ប្រឡាយ បាត់ផ្លូវអស់រលីង!។
បង្កភាពក្ដៅក្រហាយ ដល់ពលរដ្ឋអ្នកភូមិ ដែលត្រូវការប្រើប្រាស់ផ្លូវមួយខ្សែនេះ ជាពិសេស អ្នកមានផ្ទះនៅខាងក្នុងតែម្ដង។
លោក វ៉ាន់ អង អាយុ៣៩ឆ្នាំ នៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក បានអះអាងប្រាប់«សារព័ត៌មាន»ថាៈ ដីផ្លូវសាធារណៈ ត្រង់ចំណុចខាងលើ ត្រូវបានបុគ្គលឈ្មោះ នួន ខេមរា និងប្រពន្ធឈ្មោះ ប៊ុន មុំ ធ្វើប្លង់កម្មសិទ្ធរំលោភយកទាំងបំពាន។
ក្នុងនោះពេលពួកគាត់សួរ ទៅឈ្មោះ នួន ខេមរា ថាៈ ហេតុអ្វីបានជាមកដាំបង្គោលរំលោភយកផ្លូវបែបនេះ.?។
ស្រាប់តែឈ្មោះ នួន ខេមរា ប្រាប់គាត់វិញថាៈ គាត់ដាំបង្គោលតាមប្លង់រឹង ដែលមន្ទីរសុរិយោដី ខេត្តព្រៃវែង ទើបនឹងចេញឱ្យខ្លួន!។
ទន្ទឹមនិងនោះលោក វ៉ាន់ អង បានលើកជាចម្ងល់ថាៈ ដីផ្លូវគេកាត់ឆ្វៀលឱ្យទៅឯកជន បាត់ហើយ.?។
រួចគេតម្រូវឱ្យពួកខ្លួន រួមនិងពលរដ្ឋ ធ្វើដំណើរក្នុងប្រឡាយទឹកស្អុយ តើសមទេ.? ។
ចុះបើពលរដ្ឋ លុបប្រឡាយដើម្បីធ្វើផ្លូវដើរ តើអាជ្ញាធរអនុញ្ញាត ឱ្យលុបឬទេ.? ម្យ៉ាងវិញទៀត ប្រសិនជាលុបប្រឡាយ យកធ្វើផ្លូវ ហើយស្ទះចរន្តទឹកតើនរណា ទទួលខុសត្រូវ..?។
ជាការឆ្លើយតប នៅរសៀលថ្ងៃទី១០.០២.២០២៣ លោក នួន ខេមរា ម្ចាស់(ប្លង់រឹង)និងជាបុគ្គលដែលរងការចោទប្រកាន់បានថ្លែងប្រាប់«សារព័ត៌មាន»យើងថា៖ ដីនោះជាដីកេរ្តិ៍ ពីឪពុកគាត់។
ដោយកន្លងមក ប្រឡាយទឹកហូរច្រោះដាច់ដី ទើបអ្នកភូមិដើរ វាងមកខាងដីរបស់គាត់ រហូតយល់ច្រឡំថាៈ ដីគាត់ជាដីផ្លូវ។
លោក នួន ខេមរា អះអាងថាៈ លោកទើបនឹងទទួលបាន(ប្លង់រឹង)ពីមន្ទីរសុរិយោដី ខេត្តព្រៃវែង ថ្មីៗនេះទេ។
បើទោះបីជាម្ចាស់(ប្លង់រឹង)អះអាងថាៈដីនោះ ជាដីកេរ្តិ៍ ឪពុកបែបនេះក្ដី!
ប៉ុន្តែលោក ម៉ម ហេង មេភូមិអន្លង់ចក បានថ្លែងទទួលស្គាល់ថាៈ ដីនេះពីមុនមក គឺពិតជាដីផ្លូវសាធារណៈរបស់រដ្ឋ ប្រាកដមែន ប៉ុន្តែឥឡូវផ្សេង វាលែងជាដីផ្លូវទៀតហើយ។
បើយោងតាមការលើកឡើងពីលោក ម៉ម ហេង មូលហេតុដែលដីផ្លូវ ក្លាយជាកម្មសិទ្ធឯកជនបែបនេះ មកពីថ្ងៃវាស់វែងៈ លោករវល់ មិនបានទៅចូលរួមវាស់ជាមួយគេ។
អាចថាៈ មន្ត្រីសុរិយោដីស្រុកកំពង់ត្របែក វាស់ទៅតាមការចង្អុលបង្ហាញពីឈ្មោះ នួន ខេមរា និងប្រពន្ធឈ្មោះ ប៊ុន មុំ ដែលមានដីនៅជាប់ និងជាម្ចាស់(ប្លង់រឹង)បច្ចុប្បន្ន។
រីឯលោក ជា សាខន មេឃុំកំពង់ត្របែកឯនេះវិញ លោកមិនច្បាស់ទេថាៈ គេកំណត់យកខាងណា ធ្វើជាគោល សម្រាប់វាស់វែង។
គ្រាន់តែលោកដឹងថាៈ គេទុក៦ម៉ែត្រ សម្រាប់ផ្លូវដើរ រួមនិងផ្លូវទឹក។
ចំពោះសំនួររឿងចេញប្លង់រឹង រំលោភលើដីប្រឡាយ..?
-លោក ជា សាខន ឆ្លើយថាៈ ពិបាកណាស់ព្រោះ(ប្លង់រឹង)ចេញរួចហើយ ខណៈពេលបិទផ្សាយ អត់មានអ្នកតវ៉ាសោះ!។
ចំណែកលោក ង៉ោ លឹមជីវ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់សុរិយោដី និងភូមិបាលស្រុកកំពង់ត្របែក បានលើកឡើងថាៈ ខ្ញុំមិនច្បាស់ទេ ដោយរុញឱ្យទៅសួរលោកមេឃុំជំនួស ។
លោក ង៉ោ លឹមជីវ បញ្ជាក់ប្រាប់«សារព័ត៌មាន»យើងថាៈមន្ត្រីសុរិយោដី គ្មានសិទ្ធអ្វីទេ! គ្រាន់តែវាស់វែង តាមការចង្អុលបង្ហាញ ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។
ចំពោះលោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក បានថ្លែងថាៈ លោកមិនច្បាស់ទេ សូមសួរទៅលោកមេភូមិ និងមេឃុំ ទើបច្បាស់ ។
លោក យ៉ាវ សានិន បន្តថាៈ បើលោកមេភូមិថាៈ ដីនោះជាដីផ្លូវ គឺផ្លូវហើយព្រោះមេភូមិ គាត់នៅមូលដ្ឋានគាត់ច្បាស់ជាងគេ៕