ព័ត៌មានសន្តិសុខសង្គម

កេសដែកដាក់លុយ ៧កេស ត្រូវបានរកឃើញពេលចុះរុះរើអគារកាស៊ីណូហ្ក្រេនដាយអឹមិន ស៊ីធី នៅក្រុងប៉ោយប៉ែត

(ខេត្ដបន្ទាយមានជ័យ)៖ អគារកាស៊ីណូដែលត្រូវអគ្គីភ័យឆាបឆេះ នៅក្រុងបោយប៉ែត ត្រូវបានក្រុមហ៊ុនម៉ៅការចុះរុះរើ រកឃើញកេសដែកដាក់លុយ ៧កេស កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានលោក លី សារី និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ព្រមទាំងមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១និងក្រុមហ៊ុនម៉ៅការរុះរើ និង ម្ចាស់ក្រុមហ៊ុនកាស៊ីណូក៏បានចុះទៅពិនិត្យផ្ទាល់ផងដែរ។

លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ឲ្យដឹងថា ក្រោយ ពេលដែលអគ្គីភ័យឆាបឆេះអគារកាស៊ីណូអស់៤ អគារ និងខូចខាតទាំងស្រុងអស់៣អគារ ដែលក្នុងនោះមាន ២អគារជារបស់ក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនដាយអឹមិន ស៊ីធី និង១អគារជារបស់ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត ដែលក្រុមជំនាញរុករកសពរយះពេលជិត៤០ម៉ោងឃើញ សពចំនួន២៦នាក់ និងមានអ្នករបួសធ្ងន់ស្រាល ៥៧នាក់ កាលពីថ្ងៃទី២៩និង៣០ខែធ្នូ ឆ្នាំ២០២២។

ហើយកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រុមម៉ៅការរុះរើអគារកស៊ីណូបានដំណើរការរុះរើជំហានដំបូងអគារកាស៊ីណូក្រុមហ៊ុនហ្ក្រេនដាយអឹមិនស៊ីធី នៅខាងជើងផ្លូវដែលបាក់ស្រុតទ្រេតប្រឈមគ្រោះថ្នាក់។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការរុះរើត្រូវបានបែងចែកជា២ក្រុមមាន១ក្រុមផ្នែករុះរើអគារសំណង់អគ្គីភ័យឆាបឆេះនិង២ក្រុមដឹកជញ្ជូនកាក សំណល់អគ្គីភ័យឆាបឆេះសន្ទូចយោងចំនួន២គ្រឿងដែលសហការជាមួយម្ចាស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេន ដាយអឹមិនស៊ីធី ហើយការរុះរើមិនទាន់បានកំណត់ការរួចរាល់នៅឡើយទេ។ ពេលនេះត្រូវបានបិតផ្លូវពីរង្វង់មូលចូលមកច្រកទ្វារប៉ោយប៉ែតដោយយកស័ង្កសីហ៊ុំព័ទ្ធការពារសុវត្ថិភាព។

តាមព័ត៌មានបានដឹងថា ការចុះរុះរើនេះ បានត្រឹមតែរយះពេលកន្លះថ្ងៃ ក៏រកឃើញកេសដែកធំចំនួន៧កេសដែលដាក់លុយ និងទ្រព្យផ្សេងៗដែលជារបស់បុគ្គលជួលអគារកាស៊ីណូស្នាក់នៅរកស៊ីនៅផ្នែកខាងជើងផ្លូវ និងនៅអគារកាស៊ីណូខាងត្បូងផ្លូវរបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីមិនទាន់បានរុះរើនៅឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *