(ខេត្តកោះកុង) ៖ ប្រជាពលរដ្ឋមួយគ្រួសារមានសមាជិកចំនួន៨នាក់ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានពុលផ្សិត បណ្តាលឲ្យ មនុស្ស ក្នុងគ្រួសារ ចំនួន២នាក់ រងជាតិពុលសភាពធ្ងន់ធ្ងរខ្លាំងរហូតដល់ស្លា.ប់ ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកស្រែអំបិល និងម្នាក់ទៀតបានស្លា.ប់ បន្ទាប់ពីបញ្ជូនចេញពីមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលទៅភ្នំពេញ។
ក្រោយមក លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ចុះជួបផ្ទាល់សួរសុខទុក្ខ និងផ្តល់ជូនទឹកសុទ្ធ ថវិកាមួយចំនួនដល់ ក្រុមគ្រួសារអ្នកជំងឺពុលផ្សិតចំនួន៥នាក់ ដែលមានសភាពធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ដែលត្រូវបានបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល កាលពីថ្ងៃទី២៨ ខែមេសា ផងដែរ។
ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានឱ្យដឹងបន្តថា ប្រជាពលរដ្ឋមួយគ្រួសារមានសមាជិកចំនួន៨នាក់ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានពុលផ្សិត ដែលក្នុងនោះមានសមាជិកក្នុងគ្រួសារចំនួន២នាក់ ដែលរងជាតិពុលសភាពធ្ងន់ធ្ងរខ្លាំងរហូតដល់ស្លា.ប់ ក្នុងនោះម្នាក់ស្លា.ប់ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកស្រែអំបិល និងម្នាក់ទៀតបានស្លា.ប់ បន្ទាប់ពីបញ្ជូនចេញពីមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលទៅភ្នំពេញ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ ក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានចេញសេចក្តីណែនាំថា រដូវធ្លាក់ភ្លៀងដើមឆ្នាំ ផ្សិតព្រៃជាច្រើនប្រភេទក៏ចាប់ផ្តើមដុះ ប្រជាកសិករមួយចំនួនក៏ទៅរកដកផ្សិតយកមកធ្វើម្ហូបទទួលទាន ឬលក់ អ្នកខ្លះស្គាល់ប្រភេទផ្សិតច្បាស់ អ្នកខ្លះក៏ស្គាល់មិនច្បាស់ អ្នកខ្លះក៏មិនស្គាល់ ជាហេតុធ្វើឱ្យជារៀងរាល់ឆ្នាំ ពេលរដូវនេះចូលមកដល់ ជាពិសេសនៅតាមមន្ទីរពេទ្យនានាដែលនៅជិតតំបន់ខ្ពង់រាប និងព្រៃភ្នំដែលជាតំបន់សំបូរផ្សិតដុះច្រើនប្រភេទ ដូចជាមន្ទីរពេទ្យខេត្តកោះកុង មន្ទីរពេទ្យស្រុកស្រែអំបិលជាដើម …។ល។ តែងតែមានអ្នកពុលផ្សិតមកព្យាបាល ជាច្រើននាក់ ។
ក្រុមគ្រូពេទ្យ និងមន្ត្រីជំនាញក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើបងប្អូនស្គាល់ប្រភេទផ្សិតមិនច្បាស់ ឬមិនស្គាល់ សូមកុំទទួលទានឱ្យសោះ ព្រោះអាចធ្វើឱ្យពុលរហូតដល់ស្លា.ប់បាន ។
គួររំលឹកថា ហាមដកផ្សិតមួយប្រភេទនេះមកហូប ឬលក់ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត៕