ព្រៃវែង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
បានអញ្ជើញជាអធិបតី ផ្ដល់រង្វាន់ជ័យលាភីដល់ទូកដែលទទួលបានជ័យលាភី ដែលបានប្រណាំងរយៈពេលពីថ្ងៃនេះ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានលើកឡើងថា ពិធីប្រណាំងទូក ង នេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ មានទូកចូលរួមសរុបចំនួន ៤១ទូក (ទូកខ្នាតអន្តរជាតិចំនួន ៣០ទូក និងទូកខ្នាតវែង ចំនួន ១១ទូក) ក្នុងនោះទូកក្នុងខេត្តចំនួន ៣៩ទូក, ទូកមកពីខេត្តកណ្តាលចំនួន ០១ទូក និងមកពីរាជធានី ភ្នំពេញចំនួន ០១ទូក មានចំណុះទូកសរុបចំនួន ១,៧៩៣នាក់ (ចំណុះពិត ១.៤៤៨នាក់ និងចំណុះត្រៀម ៣៤៥នាក់)។ ជាក់ស្ដែង នៅថ្ងៃទី១ មានបងប្អូនប្រជាពលរដ្ឋបានមកចូលរួមទស្សនា និងលេងកំសាន្តនៃពិធី ប្រណាំងទូកងខេត្តព្រៃវែង និងស្តង់ពិពណ៌ផលិតផលក្នុងស្រុក ប្រមាណ ២៥.០០០នាក់ និងនៅព្រឹកថ្ងៃទី២ មានប្រជាពលរដ្ឋចូលរួមប្រហាក់ប្រហែលថ្ងៃនៅទី១ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មានក្នុងពិធីប្រណាំងទូក ង ថ្នាក់ខេត្តកន្លងៗមក នេះបង្ហាញអំពីការគាំទ្រ និងការជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់ ។
មានប្រសាសន៍នៅក្នុងឱកាសនោះផងដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបានផ្ទៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែងក្នុងការរៀបចំពិធីប្រណាំងទូកងដែលប្រព្រឹត្តទៅដោយរលូនរយៈពេល២ ថ្ងៃនេះ។ ដែលទាំងនេះគឺជាការបង្ករលក្ខណៈសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងនៅក្នុងឱកាសនៃការប្រណាំងទូក ង ថ្នាក់ខេត្តនាឱកាសនេះ។
សម្ដេចក្រឡាហោមសខេងក៏បានលើកឡើងបន្ថែមទៀតថាទាំងនេះគឺការចេញពីប្រទេសមានសុខសន្តិភាពមានសរសេរភាពនយោបាយត្រឹមត្រូវក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋមានឱកាសក្នុងការប្រារព្ធពិធីផ្សេងៗ មានឱកាសក្នុងការធ្វើដំណើរទៅទីរមណីយដ្ឋាននានាផ្សេងៗប្រកបមុខរបររកស៊ីដោយសុវត្ថិភាព និងភាពកក់ក្តៅ។
សម្តេមក្រឡាហោម បានប្រសាសន៍បន្តថា បន្ថែមពីលើកិច្ចការរក្សាស្ថានភាពស្ថិរភាពនយោបាយ សន្តិសុខ ការលើក កម្ពស់សុខុមាលភាពរបស់ប្រជាជន និងពង្រឹងខឿនសេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំថែម ទៀតនោះ រាជរដ្ឋាភិបាលបាននិងកំពុងតែដាក់ចេញនូវវិធានការបង្ក្រាបល្បែងស៊ីសង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាននូវទីតាំង ល្បែងភ្នាល់គ្រប់ប្រភេទដែលជាដើមចមនាំឲ្យវិនាសហិនហោចទ្រព្យសម្បត្តិ អំពើចោរកម្ម អសន្តិសុខ រួមទាំងអំពើហិង្សាក្នុងគ្រួសារ ។ ជាមួយគ្នានេះអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ គ្រប់ លំដាប់ថ្នាក់ ជាពិសេសមន្ត្រីអនុវត្តច្បាប់ ត្រូវតែអនុវត្តឲ្យបានតាមបទបញ្ជារបស់ សម្ដេចតេជោ ធ្វើយ៉ាងណា បង្ក្រាបឲ្យមានប្រសិទ្ធភាពនូវទីតាំងល្បែងភ្នាល់គ្រប់ ប្រភេទ នៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ។
សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២នេះ ទូកទទួលបានចំណាត់ រួមមាន
-ចំណាត់ថ្នាក់លេខ១៖មានចំនួន ៨ ទូក (ទូកខ្នាតអន្តរជាតិ ៥ ទូក និងទូកខ្នាតវែង ៣ ទូក)។
-ចំណាត់ថ្នាក់លេខ២៖ មានចំនួន ១៥ ទូក (ទូកខ្នាតអន្តរជាតិ ១៣ ទូក និងទូកខ្នាតវែង ២ ទូក)
-ចំណាត់ថ្នាក់លេខ៣៖ មានចំនួន ១៣ ទូក (ទូកខ្នាតអន្តរជាតិ ៨ ទូក និងទូកខ្នាតវែង ៥ ទូក)
-ចំណាត់ថ្នាក់លេខ៤៖ មានចំនួន ៥ (ទូកខ្នាតអន្តរជាតិ ៤ ទូក និងទូកខ្នាតវែង ១ ទូក) ដោយទូក ទទួលជ័យលាភី ទទួលបាន ទង់ជ័យលាភី១ ប័ណ្ណសរសើរ១ រួមជាមួយនឹងថវិកា ក្នុងនោះទូក ង ខ្នាតវែងជ័យលាភី លេខ១ ទទួលបានថវិកា ២.០០០.០០០៛ លេខ២ ថវិកា ១,៨០០.០០០៛ លេខ៣ ថវិកា ១.៦០០.០០០៛ និងលេខ៤ ថវិកា ១,៤០០,០០០៛ សម្រាប់ទូក ង ខ្នាតអន្តរជាតិ ជ័យលាភីលេខ១ទទួលបាន ថវិកា ១.៤០០.០០០៛ លេខ២ ថវិកា ១.២០០.០០០៛ លេខ ៣ ថវិកា ១០០០,០០០៛ និងលេខ៤ ថវិកា ៨០០.០០០៛៕