(ខេត្ដកំពង់ចាម)៖ អភិបាលរងខេត្តកំពង់ចាមចំនួន៦រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនារសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អភិបាលរងខេត្តកំពង់ចាម ទាំង ៦ រូបនោះ រួមមាន ៖
ទី១ ៖ លោក ចាន់ ផល្លី អតីតអភិបាលក្រុងកំពង់ចាម
ទី២ ៖ លោក ស្រី សុភ័ក្រ្ត មកពីប្រធានមន្ទីរធម្មការ និងសាសនាខេត្ត
ទី៣ ៖ លោក ឡោ ចាន់លី មកពីអភិបាលស្រុកព្រៃឈរ
ទី៤ ៖ លោក សាន ស៊ីថា មកពីនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម
ទី៥ ៖ លោក គង់ សុភា បានផ្ទេរមកពីអភិបាលរងខេត្តត្បូងឃ្មុំ
ទី៦ ៖ លី សារារិទ្ធ ផ្ទេរមកពីអភិបាលរងខេត្តព្រះវិហារ ។
ចំណែកអតីតអភិបាលរងខេត្តកំពង់ចាម ២ រូប គឺឯកឧត្តម កៅ សុខអាន នឹង
ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានសិទ្ធិស្មើអនុរដ្ឋលេខាធិការ ។
នាឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើរបាយការណ៍ស្ដីពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្ត ដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក។
ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋលេខាធិការ លេង វី បានផ្ដាំផ្ញើរ ដល់អភិបាលរងខេត្តទើបនឹងចូលកាន់តំណែងទាំង ៦ រូប ឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អ និងខិតខំបំពេញកិច្ចការ ដែលថ្នាក់លើប្រគល់ជូន ដើម្បីធ្វើជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ ៕