(ខេត្តកណ្តាល)៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី អាណត្តិទី៥ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់របស់ខ្លួនប្រកបដោយជោគជ័យ នារសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានថ្លែងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្តបានបន្តថា៖លោក លោកស្រីដែលជាសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី៥ ហើយបាននឹងកំពុង បំពេញការងារនៅតាមរដ្ឋបាលឃុំ ក្នុងស្រុកចំនួន០៣ រួមមានស្រុកកៀនស្វាយ ស្រុកអង្គស្នួល និងស្រុកស្អាង នៃខេត្តកណ្តាល។ហើយវគ្គបណ្តុះបណ្តាលតម្រង់ទិសរយៈពេល០២ ថ្ងៃកន្លងមកនេះ បើទោះបីជាមានរយៈពេលខ្លីក៏ពិតមែន និងមិនទាន់បានគ្របដណ្តប់លើប្រធានបទគ្រប់ជ្រុងជ្រោយយ៉ាងណាក្តី ប៉ុន្តែឯកឧត្តមជឿជាក់យ៉ាងប្រាកដថា វគ្គបណ្តុះបណ្តាលតម្រង់នេះ ទិសនេះពិតជា នឹងផ្ដល់ដល់លោក លោកស្រីនូវចំណេះដឹង ជាគ្រឹះជាមូលដ្ឋានពាក់ព័ន្ធនឹងមេរៀនទិដ្ឋភាពទូទៅ, រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ខ្សែគណនេយ្យភាព និងទំនាក់ទំនងអន្តររដ្ឋបាលជាដើម។
ឯកឧត្តមបន្ថែមថា៖វគ្គបណ្ដុះបណ្ដាលទម្រង់ទិស នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលបានផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែម ទៀតដល់លោក លោកស្រី ដែលជាគ្រូបង្គោលសម្រាប់យកទៅ តម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី ហើយមិនទាន់មានបទពិសោធក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាចអនុវត្តតួនាទី និងភារកិច្ចក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលឃុំ សង្កាត់វិញ សូមលោក លោក លោកស្រី ត្រូវចេះយកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះទៅឆ្លុះបញ្ចាំងប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យ កាន់តែប្រសើរថែមទៀត។ការរៀនសូត្រនៅក្នុងថ្នាក់រៀន គ្រាន់តែជាការក្រេបជញ្ជក់បំពេញបន្ថែមចំណេះដឹង របស់យើងប៉ុណ្ណោះ នៅក្នុងពិភពការងារជាក់ស្ដែងចំណេះធ្វើដើរតួនាទីកាន់តែសំខាន់ថែមទៀត។
សូមបញ្ជាក់ថា៖សម្រាប់អាណត្តិទី៥នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកណ្តាល មានចំនួនសរុប៩១៥ នាក់ ស្រីចំនួន១៨៨ នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាប់ថ្មី(អ្នកមិនធ្លាប់ជាសមាជិកក្រុមប្រឹក្សាពីមុនមក) មានចំនួន៤៤៩ នាក់ ស្រី១០៤ នាក់៕