(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យជម្រុញដល់ក្រុមហ៊ុន សហគ្រាស ដែលប្រកបអាជីវកម្មនានា ត្រូវបំពេញបែបបទស្នើសុំប័ណ្ណប៉ាតង់ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធឲ្យមានប្រសិទ្ធភាពស្របតាមការរីកចម្រើននៃ សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងគម្រោងចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់គ្រប់គ្រងការចំណាយឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ នាពេលកន្លងមក ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ធ្វេីយ៉ាងណាត្រូវពង្រឹងការគ្រប់គ្រង និងប្រមូលចំណូលពន្ធឲ្យមានប្រសិទ្ធិភាព ជៀសវាងការបាត់បង់ប្រាក់ចំណូលរបស់ជាតិ ក៏ដូចជាថវិកាសម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងខេត្តកំពង់ចាមផងដែរ ។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ ២០២៣ របស់សាលាខេត្តកំពង់ចាម មានដូចជា ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រសាទ ការថែទាំ ជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងប្រព័ន្ធលូ ថែទាំ ជួសជុលផ្លូវសំបុកមាន់ និងស្លាកសញ្ញាចរាចរក្នុងក្រុងកំពង់ចាម និងការថែទាំប្រព័ន្ធធារាសាស្ត្រ សរុប ១៨ គម្រោង ដែលសរុបថវិកាប្រមាណជា 19.386.900.000 រៀល ៕