(ខេត្ដកំពង់ចាម)៖ ផ្អែកតាមស្ថានភាពទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ មានកម្ពស់ ៧.៨០ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកបានហក់ឡើងកម្ពស់ ០.៩៦ម៉ែត្រ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកមានកម្ពស់ត្រឹម តែ ៤.៨០ម៉ែត្រ ប៉ុណ្ណោះ ។
នេះបើតាមរបាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១៣ កក្កដា នេះ ។
ទន្ទឹមនឹងនោះដែរ របាយការណ៍ដដែល ក៏បានបញ្ជាក់ដែរថា នៅថ្ងៃនេះ នៅតាមបណ្ដាឃុំ សង្កាត់ មួយចំនួន នៃក្រុង ស្រុក ទាំង ១០ របស់ខេត្តកំពង់ចាម ក៏មានភ្លៀងធ្លាក់ ផងដែរ ហើយក្នុងនោះស្រុកស្ទឹងត្រង់ មានភ្លៀងធ្លាក់តិចជាងគេ និងស្រុកជើងព្រៃ មានភ្លៀងធ្លាក់ច្រើនជាង គេ ។
សូមបញ្ជាក់ផងដែរថា ផ្អែកតាមការផ្សាយព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១២ ខែកក្កដា បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ និង ១៤ ខែកក្កដា ព្រះរាជាណាចក្រមកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ដែលក្នុងនោះមាន ប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនីរតី ក្នុងម្រិតពីមធ្យមទៅខ្លាំង ។
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ កក្កដា ទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ក្នុងស្ថានភាពបែបនេះ ធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្កួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ ៕