(ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសង មាន់ជល់តាមអនឡាញ ១កន្លែង ស្ថិតនៅក្នុងភូមិព្រៃកីខ សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងតែបើកលេងយ៉ាងរំភើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងលោក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ គួរមានវិធានការចំពោះទីតាំងល្បែងស៉ីសងខាងលេីនេះផង។
សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុចដែលបានដាក់ចេញ៕