ព័ត៌មានសន្តិសុខសង្គម

ឃ្លាំងស្តុកគ្រឿងសំណង១កន្លែងត្រូវបាន អគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង

(ភ្នំពេញ)៖ ឃ្លាំងស្តុកគ្រឿងសំណង១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ទោះសមត្ថកិច្ចខិតខំជួយអន្តរាគមន៍អស់ពីលទ្ធភាព នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចឃ្លាំងស្តុកគ្រឿងសំណង់ ខាងលិចប្រឡាយទឹកស្អុយបឹងត្របែកបន្តិច ស្ថិតតាមបណ្ដោយផ្លូវលេខ៤៤៦ ក្នុងមូលដ្ឋានសង្កាត់ទួលទំពុងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានអណ្ដាតភ្លើង និងផ្សែងខ្មៅខ្មួលខ្មាញចេញពីខាងក្នុងឃ្លាំង ហើយឃើញកម្មកររត់ចេញពីខាងក្នុងស្រែកឆោឡោឱ្យជួយ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងនគរបាលជំនាញការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តជាច្រើនគ្រឿងទៅទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។

សមត្ថកិច្ចខាងបង្ការពន្លត់អគ្គិភ័យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញពិបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារផ្លូវតូចចង្អៀត ហើយអណ្ដាតភ្លើងឆាបឆេះលឿន បណ្ដាលឲ្យដំបូលឃ្លាំងបាក់ស្រុត ដែលបង្កឱ្យជំនាញលំបាកក្នុងការចូលទៅបាញ់ពន្លត់។ ទោះជាយ៉ាងនេះក៏ដោយអគ្គិភ័យនេះមិនបណ្ដាលឲ្យរាលដាលរាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។

ក្នុងប្រតិបត្តិការនេះ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនអង្គភាពទៅដល់ទីតាំងកើតហេតុ រួមមានរថយន្តទីក្រុងអូឡាំព្យា រថយន្តក្រសួងមហាផ្ទៃ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រើប្រាស់អស់រថយន្តជាច្រើនគ្រឿងទើបបាញ់ពន្លត់ជាស្ថាពរ។

លោកនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យនេះ កម្លាំងជំនាញមិនទាន់អាចសន្និដ្ឋានបានថា មានមនុស្សរងរបួសស្លាប់ឬអត់នោះទេហើយទំហំនៃការខូចខាតក៏មិនទាន់អាចទាន់សន្និដ្ឋានបានដែរ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ សន្និដ្ឋានជាជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *