(ភ្នំពេញ)៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន នឹងលោកជំទាវ
បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបន្ទាប់ពីទទួលបានដំណឹងថា ភរិយាលោក នី សុផាន់ណា ចាងហ្វាងគេហទំព័រ តេជៈបារមីវិហារសួគ៌ ទទួលមរណៈភាពដោយ ជម្ងឺមហារីកសុដន់ កាលពីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលបន្សល់ទុកកូនស្រី ទើបតែមានអាយុ ០៦ ខែម្នាក់។
ឯកឧត្ដម សូមសម្ដែងការសោកស្ដាយចំពោះគ្រួសារអ្នកសារព័ត៌មាន ដែលបានបាត់បង់សមាជិកគ្រួសារ ភរិយាដ៏ល្អ ម្ដាយដ៏ល្អ ជារៀងរហូតហើយ។
ឯកឧត្តម បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៤០ម៉ឺនរៀល ជាបច្ច័យដល់គ្រួសារសពតាមរយៈ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងបានចែករំលែកព័ត៌មានជូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានផ្សេងៗទៀតដេីម្បីចូលរួមរំលែកទុក្ខ និងចូលជាបច្ច័យតាមសទ្ធាជ្រះថ្លា ដេីម្បីជួយសម្រួលដល់ការរៀបចំពិធីបុណ្យសព។
លោក នី សុផាន់ណា បានបញ្ជាក់ថា សពរបស់ភរិយាលោក ត្រូវបានដឹកយកទៅតម្កល់ នៅខេត្តកណ្ដាលដេីម្បីរៀបចំពិធីបុណ្យតាមប្រពៃណី និងត្រូវបូជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។
លោក នី សុផាន់ណា ពិតជាមានអារម្មណ៍ក្ដុកក្ដួលយ៉ាងពន់ពេក ដែលទទួលបានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមាន ឯកឧត្ដមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ឯកឧត្ដម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំង ឯកឧត្ដម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងសមាគម ពោលគឺជានិច្ចកាល ឯកឧត្តមរដ្ឋមន្រ្តី មិនដែលមេីលរំលង ពីទុក្ខលំបាក របស់អ្នកសារព័ត៌មាន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ មិនថាអង្គភាពតូច ឬ អង្គភាពធំនោះទេ។
គូសបញ្ជាក់ផងដែរថា ថវិកាដែលទទួលបានពីការចូលជាបច្ច័យរបស់ ឯកឧត្ដមរដ្ឋមន្ត្រី និងអ្នកសារព័ត៌មាននានា តាមរយៈសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងប្រគល់ជូនគ្រួសារសព នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ ឱ្យបានគ្រប់ចំនួនតាមកំលាំងសទ្ធារបស់អ្នកចូលរួម៕