(ខេត្តស្វាយរៀង)៖ ក្រុមឈ្មួញនាំសត្វជ្រួកពីប្រទេសវៀតណាមរាល់ថ្ងៃ ដូចហែកឋិន ក្នុង១ថ្ងៃៗរាប់រយក្បាល គឺពី៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ចេញពីព្រំដែនក្រសាំងជ្រំ រួចផ្ទេរដាក់រថយន្ដឱ្យក្រុមឈ្មួញ។
ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមក កម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ខេត្តព្រៃវែង និង ភូមិក្រសាំងជ្រំ ឃុំគ្រួស ខេត្តស្វាយរៀង។
ជាក់ស្តែងនៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ឈ្មួញវៀតណាមបានសាងជ្រូករស់មួយជើងចំនួន៤០ក្បាលចេញពីរថយន្ត នៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែន ចូលមកស្រុកខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង។ ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្តបានបួនប្រាំក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មានទៅដល់ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក១គ្រឿង បើកចូលទៅឃុំក្រាំងលាវ ស្រុកកំពង់ត្របែក និង២គ្រឿងទៀតបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀត បានលើកជ្រូកដាក់នោះ បានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមផ្លូវលំក្រវ៉ាត់ព្រំដែន។
ប្រភពបានឲ្យដឹងថា ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ។
ចំណែកខាងដីកម្ពុជា ភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ហើយឈ្មួញនាំជ្រូកម្នាក់ឈ្មោះ គង់ ជាទាហានដ៏ល្បីល្បាញខាងកាងជ្រូករស់ចូល មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ លក់បន្តឲ្យក្រុមហ៊ុនធំមួយចំនួននឹងតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្ដស្វាយរៀង ដោយអត់មានមន្ត្រីពេទ្យសត្វណាមួយត្រួតពិនិត្យសុខភាពសត្វទេ ដែលសង្ស័យសុទ្ធតែត្រូវគ្នាទាំងអស់ ។
ជុំវិញករណីខាង ករណីខាងលើនេះដែរ អ្នកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក យ៉ន សុផល មេប៉ុស្តិ៍វរៈការពារព្រំដែន ក្រសាំងជ្រំបានទេ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល។
អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរពាក់ព័ន្ធឬសាមុីភាគីណាមួយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕