ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត​កំពង់ចាម ដោះស្រាយ​ប្រភពទឹក ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន ៣ សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ

(ខេត្ដកំពង់ចាម)​៖ អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ ២០២២ នេះ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​ទំនប់​បង្ហៀរ ស្ថិតនៅ​ភូមិ​ស្ទឹង​ឆ្វេង ឃុំ​ច្បារអំពៅ ស្រុក​បាធាយ ខេត្តកំពង់ចាម ។

បើតាម​លោក យុទ្ធ ចាន់​ផល មេឃុំ ច្បារអំពៅ បាន​ប្រាប់​ឲ្យ​ដឹងថា សំណង់​បង្ហៀរ (​ទ្វារ​២) លើ​ស្ទឹង​ឆ្វេង សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​១ ប្រវែង ១០០ ម៉ែត្រ និង សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​២ មាន ប្រវែង​២០០ ម៉ែត្រ ទទឹង មាន​ប្រវែង ៥,៦០ ម៉ែត្រ ។ ដោយ សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​១ សាងសង់​បាន ៩០% ហើយ ចាប់ផ្ដើម​សាងសង់ ក្នុង​ខែ​មិនា ឆ្នាំ ២០២២ ។ ដោយឡែក សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​២ កំពុង​ចាប់ផ្ដើម​ដំណើរការ​សាងសង់ ។

លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ឆ្នាំ​២០២១ កន្លងទៅ តំបន់​ខាងលើ​មានការ​ចម្រូងចម្រាស់ ខ្វែងគំនិត​គ្នា​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​សងខាង​ស្ទឹង ដោយ​កាលនោះ​មានមតិ​ខ្លះ​មិនឱ្យ​ទប់​ទំនប់​រក្សា​ទឹក និង​មតិ​ខ្លះទៀត​ចង់​ទប់​ទំនប់​រក្សា​ទឹក ។ រហូតដល់​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះមក​ពិនិត្យ​សិក្សា​ដោយផ្ទាល់ ទើប​រៀបចំ​ផែនការ​ដើម្បី​សាងសង់​ទំនប់​បង្ហៀរ នេះ​ឡើង ក្នុង​គោលបំណង​ដោះស្រាយ​ទំនាស់​របស់​ប្រជាពលរដ្ឋ និង​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ចំនួន ៣ ស្រុក ឱ្យមាន​ប្រភពទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​ស្រូវប្រាំង​ជាដើម ។

​លោក​មេឃុំ​ច្បារអំពៅ បាន​បញ្ជាក់ថា ការសាងសង់​ទំនប់​បង្ហៀរ​នេះ គឺមាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ដូចជា នៅពេលដែល​ទឹក​ស្រក​ផុត​ទៅ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស នៅ​តំបន់​នេះ អាច​អាច​ធ្វើដំណើរ​ឆ្លងស្ទឹង ឬ​ដឹក​កសិផល​ឆ្លងកាត់ ដោយ​មិនចាំបាច់​ប្រើ​ទូក​ចម្លង ឬ​ធ្វើ​ស្ពាន​ឆ្លង​ដូច​មុន​ទេ​។

ម្យ៉ាងទៀត​ទំនប់​បង្ហៀរ​នេះ មាន​ទ្វារ​បិទ​បើក សម្រាប់​ទប់ទឹក និង​បង្ហូរទឹក​ចេញ ដែល​ប្រការនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​ស្រុក​ជើងព្រៃ , ស្រុក​កងមាស និង​ស្រុក​បាធាយ អាចមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ជាពិសេស សម្រាប់​ស្រោច​ដំណាំ នឹងធ្វើ​ស្រូវប្រាំង​ជាដើម ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *