ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កំពង់ចាម និង​អង្គការ USAID កំពុង​បន្ត​សហការ​សកម្មភាព​ការងារ ដើម្បី​លើកកម្ពស់ គុណភាព​រស់នៅ​របស់​ប្រជាជន

(ខេត្ដកំពង់ចាម)​៖ ក្នុងជំនួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ រវាង អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា ជាមួយនឹង​នាយិកា​បេសកកម្ម USAID ណែន​ស៊ី អ៉ី​ស​លី​ក និង​ប្រតិភូ នៅ​រសៀល​ថ្ងៃទី​១២ ខែមករា​ឆ្នាំ ២០២២ នៅ​សាលាខេត្ត​កំពង់ចាម ភាគី​ទាំងពីរ បាន​គូសបញ្ជាក់​ពី​គោលបំណង ដើម្បី​បន្ត​សហការគ្នា​លើ សកម្មភាព​ការងារ លើកកម្ពស់ គុណភាព​រស់នៅ​របស់​ប្រជាជន ។​

​លោក ឈិន រី​ឆាត ប្រធានការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ចីរភាព​របស់​អង្គការ USAID បាន​បញ្ជាក់ថា កម្មវិធី USAID ធ្វើយ៉ាងណា​ដើម្បី​ពង្រឹង​ជីវភាព​របស់​កសិករ​នៅក្នុង​ខេត្តកំពង់ចាម ពោលគឺ ផ្សារភ្ជាប់ គាំទ្រ​ជួយ​ទៅដល់​កសិករ ដាំ​ស្វាយចន្ទី ជួយ​ផ្សារភ្ជាប់​ពួកគាត់​ទៅកាន់​ទីផ្សារ គាត់​ដូចជា​ជួយ​ខាង​ផ្នែក​បច្ចេកទេស ដើម្បី​បង្កើន​តម្លៃ​ឲ្យ​ពួកគាត់​ទទួលផល​ចំណេញ​បាន​ច្រើន ។ ជាពិសេស USAID មានបំណង​ជួយ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​មួយ នៅ​ស្រុក​ស្ទឹងត្រង់ ឱ្យមាន​ការរីកចម្រើន ពោលគឺ គាត់​អាចជា​អ្នក​នាំចេញ​ដ៏​ខ្លាំង​មួយ ទៅកាន់​ប្រទេស​មួយចំនួន ពិសេស សហរដ្ឋអាមេរិក​។

​លោក ឈិន រី​ឆាត បន្តថា ជាងនេះទៅទៀត ការិយាល័យ​របស់លោក​កំពុង បង្កើត​ឧទ្យាន​បច្ចេកវិជ្ជា​កសិក​ម្ម ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​ចំការលើ ក្នុង​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ​កសិកម្ម និង​USAID ក្នុង​គោលបំណង​បង្ហាញ​បច្ចេកវិទ្យា ទំនើប​ផ្សេងៗ ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​កសិកម្ម ដែល​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់ ដើម្បី​បង្ហាញ​ប្រជាកសិករ ឲ្យ​ពួកគាត់​បាន​ស្វែងយល់​បន្ថែម នឹង​យក​ចំណេះដឹង​ទាំងនោះ ទៅប្រើ​ប្រាស់​សម្រាប់​ការងារ​កសិកម្ម​របស់​ពួកគាត់ ។

ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា លទ្ធផល​កន្លងទៅ​មាន​មន្ទីរ​សុខាភិបាល និង​មន្ទី​អប់រំ ដែល​បាន​អនុវត្ត​ល្អ ជាមួយ USAID អំពី​សកម្មភាព​ការងារ និង​ការគាំទ្រ​គម្រោង ជាពិសេស​ការពង្រឹង​គុណភាព​សេវា​ផ្នែក​សុខាភិបាល ដែលមាន​មន្ត្រី​របស់ USAID នៅ​ប្រចាំ​ក្នុង​មន្ទីរពេទ្យ​តែម្តង ។ ហើយ​ការងារ​ពង្រឹង​សេវា​ផ្នែក​សុខាភិបាល​នេះ គឺ​មិន​ត្រឹមតែ​ក្នុង​ក្រុង​កំពង់ចាម​ទេ គឺ​បាន​ពង្រីក​រហូត​តាម​បណ្ដារ មន្ទីរពេទ្យបង្អែក​ស្រុក មួយចំនួន​ផងដែរ ។ ចំពោះ​ផ្នែក​អប់រំ​គឺ​ការរៀបចំ នៅមានកម្រិត​នៅឡើយ ។

​ ឯកឧត្តម ​អភិបាលខេត្ត​បាន​បញ្ជាក់ថា សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត និង​ខាង USAID មាន​គោលបំណង​ដូចគ្នា គឺ​សំដៅ​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​តាមរយៈ​គម្រោង​នានា ដូចជា​ការបង្កើត​មុខរបរ , ការលើកកម្ពស់​សេវា​សុខាភិបាល , ការផ្ដល់​ការអប់រំ ឬ​បរិស្ថាន​ជាដើម ។ ដោយសារតែ​គោលបំណង​ដូចគ្នា​ដូច្នេះ USAID និង​រដ្ឋបាល​ខេត្តកំពង់ចាម​អាច​បន្ត​ចាប់ដៃគ្នា ធ្វើ​សកម្មភាព​ការងារ​បន្តទៅទៀត ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ។

ជាមួយគ្នា​នោះដែរ ដោយសារ​អាណត្តិ​គម្រោង​សុខាភិបាល​របស់ USAID ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ២០២៣ ដូច្នេះ លោក​អភិបាលខេត្ត បាន​សំណូមពរ សូម USAID ពិចារណា និង​បន្ត ១​អាណត្តិ​ទៀត ជួយ​បន្ថែមទៀត​ឲ្យ​កាន់តែ​រីកចម្រើន ។ និង​សូម​បន្ថែម​ទៅលើ​ការងារ​កសិកម្ម​ដែល​បានលើកឡើង ដូចជា​ការនាំចេញ​គ្រាប់ស្វាយចន្ទី , ការបង្រៀន​ប្រជាកសិករ នូវ​បច្ចេកទេស​នៃ​ការដាំដុះ , ឬ​ការ​វេច​ខ្ចប់​ជាដើម ដែល​ធ្វើអោយ​ផលិតផល​នោះ​មើលទៅ​បែប​ជា​លក្ខណៈ​ស្តង់ដា អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នៅក្រៅ​ប្រទេស ដែលជា​ចំណុច​សំខាន់ សម្រាប់​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​របស់​យើង ៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *